ភ្នំពេញ៖ ក្រសួងទេសចរណ៍បានប្រកាសអនុញ្ញាតឱ្យភ្ញៀវទេសចរចិនធ្វើដំណើរមកកម្ពុជាដោយមិនចាំបាច់ទិដ្ឋាការ ក្នុងរយៈពេលសាកល្បង៤ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងតាមសំណើរបស់ក្រសួងទេសចរណ៍ ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងយោងតាមគោលការណ៍របស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ភ្ញៀវទេសចរចិនអាចស្នាក់នៅបានរយៈពេល១៤ថ្ងៃ ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ និងមិនចាំបាច់បង់កម្រៃណាមួយ គ្រាន់តែបំពេញ E-arrival card ប៉ុណ្ណោះ។ ក្នុងអំឡុងពេល៤ខែនេះ ភ្ញៀវទេសចរចិនអាចមកកម្ពុជាបានច្រើនលើកតាមត្រូវការ។

ក្រសួងទេសចរណ៍សូមអំពាវនាវឱ្យសាធារណជន សមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយព័ត៌មាននេះ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យកាន់តែច្រើនមកទស្សនាកម្ពុជា។
