ទោះបីជាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣មិនទាន់បើកជាផ្លូវការក៏ដោយ ក៏ពាក្យរិះគន់ជុំវិញការរៀបចំបានលេចឡើងយ៉ាងច្រើន ជាពិសេសកំហុសក្នុងការប្រកួតបាល់ទាត់រវាងវៀតណាមនិងឡាវ ដែលមានការចាក់ភ្លេងជាតិមិនឮ។

បញ្ហាផ្សេងៗក៏បានលេចឡើងដែរ រួមមាន៖ អំពូលភ្លើងខូចនៅពហុកីឡដ្ឋាន ប្រព័ន្ធសំបុត្រមានកំហុស ឧបករណ៍គ្មានស្តង់ដារ និងកញ្ចប់ថវិកាអត្តពលិកមិនគ្រប់។
ឥឡូវនេះ សូម្បីតែថៃខ្លួនឯងក៏បានចាប់ផ្តើមរិះគន់ខ្លួនឯង ដោយគណបក្សភឿថៃបានស្តីឲ្យរដ្ឋាភិបាលទីក្រុងបាងកក ចំពោះការគ្រប់គ្រងព្រឹត្តិការណ៍មិនបានល្អ ដែលធ្វើឲ្យប្រទេសក្នុងតំបន់សើចចំអក។
តាមការផ្សាយរបស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី៤ធ្នូ ២០២៥ អ្នកនាំពាក្យរងគណបក្សភឿថៃលោក Payu Nuengjamnong បានចោទប្រកាន់ថា បរាជ័យនេះមិនមែនមកពីហេតុការណ៍មិនអាចគ្រប់គ្រងបានទេ ប៉ុន្តែគឺដោយសារការធ្វេសប្រហែសរបស់គណៈកម្មការរៀបចំ។
លោក Payu បាននិយាយថា៖ «ស៊ីហ្គេមគួរតែជាព្រឹត្តិការណ៍បង្ហាញពីសក្តានុពលថៃ ប៉ុន្តែវាប្រែក្លាយទៅជាព្រឹត្តិការណ៍រអាក់រអួល ធ្វើឲ្យតំបន់សើចចំអក។»
សូមជម្រាបថា ស៊ីហ្គេមលើកទី៣៣ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៩ធ្នូនេះ គឺជាការត្រឡប់ធ្វើជាម្ចាស់ផ្ទះរបស់ថៃបន្ទាប់ពី១៨ឆ្នាំ។
