ភ្នំពេញ – ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំថ្មីដល់សហគ្រាសទាំងអស់ ដើម្បីពង្រឹងសុវត្ថិភាពកម្មករនិយោជិត និងបង្ការគ្រោះអគ្គិភ័យក្នុងអាកាសធាតុកម្ដៅខ្លាំង។

ការណែនាំនេះចេញមកក្រោយការសង្កេតឃើញថា អាកាសធាតុប្រែប្រួលអាចបង្កគ្រោះថ្នាក់ដូចជាអគ្គិភ័យ និងករណីដួលសន្លប់នៅកន្លែងធ្វើការ។ ក្រសួងបានលើកឡើងពីវិធានការចាំបាច់១៣ចំណុច រួមមាន៖
១. ត្រួតពិនិត្យបណ្ដាញអគ្គិសនី និងឧបករណ៍ផ្ដល់ចរន្តជាប្រចាំ
២. អប់រំកម្មករអំពីសញ្ញាសុវត្ថិភាព និងធ្វើលំហាត់សម
៣. ត្រួតពិនិត្យមធ្យោបាយសង្គ្រោះបឋម និងគិលានដ្ឋាន
៤. ធ្វើតេស្តប្រព័ន្ធការពារអគ្គិភ័យជាប្រចាំ
៥. ធានាច្រកអាសន្នមានសុវត្ថិភាព និងគ្មានឧបសគ្គ

៦. រៀបចំផែនការឆ្លើយតបគ្រាអាសន្ន
៧. ត្រួតពិនិត្យប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់
៨. បើកបង្អួចទ្វារនៅពេលអាកាសធាតុកម្ដៅ
៩. ណែនាំកម្មករផឹកទឹកស្អាតរៀងរាល់១៥-២០នាទី
១០. រៀបចំប្រព័ន្ធស្រោចទឹកលើដំបូលអគារ
១១. ត្រួតពិនិត្យការសាយភាយសារធាតុគីមីពុល
១២. ត្រួតពិនិត្យការប្រើប្រាស់ឡចំហាយតាមស្តង់ដាសុវត្ថិភាព
១៣. ជំរុញការអនុវត្តតួនាទីគណៈកម្មការសុវត្ថិភាព
ក្រសួងការងារបានព្រមានថា សហគ្រាសដែលមិនអនុវត្តតាមសេចក្ដីណែនាំនេះ និងបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិត នឹងទទួលរងពិន័យតាមច្បាប់ស្ដីពីការងារ និងច្បាប់បង្ការអគ្គិភ័យ។
សហគ្រាស និងកម្មករអាចទំនាក់ទំនងតាម Hotline លេខ ១២៨៦ ឬ ១២៩៧ ឬតាមក្រុម Telegram “សម្រាប់និយោជក” និង “សម្រាប់កម្មករនិយោជិត” ដើម្បីសុំការវាយតម្លៃហានិភ័យក្នុងអាកាសធាតុកម្ដៅខ្លាំង។
