ម៉ាឡេស៊ីបន្តស្វែងរក MH370 នៅថ្ងៃទី៣០ធ្នូ បន្ទាប់ពីបាត់ខ្លួនជាង១០ឆ្នាំ

ម៉ាឡេស៊ីបន្តស្វែងរក MH370 នៅថ្ងៃទី៣០ធ្នូ បន្ទាប់ពីបាត់ខ្លួនជាង១០ឆ្នាំ

ម៉ាឡេស៊ីនឹងចាប់ផ្តើមឡើងវិញនូវប្រតិបត្តិការស្វែងរកជើងហោះហើរម៉ាឡេស៊ីអ៊ែរឡាញ MH370 នៅថ្ងៃទី៣០ខែធ្នូខាងមុខ បន្ទាប់ពីវាបានបាត់ខ្លួនអស់រយៈពេលជាងមួយទសវត្សរ៍ក្នុងពេលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង។

ការស្វែងរកយន្តហោះ MH370

យោងតាមការចុះផ្សាយនាថ្ងៃទី៣ធ្នូរបស់ទីភ្នាក់ងារព័ត៍មានរ៉យទ័រ ជើងហោះហើរ MH370 ដែលជាប្រភេទយន្តហោះ Boeing 777 បានដឹកអ្នកដំណើរ២២៧នាក់ និងបុគ្គលិក១២នាក់ ហើយបាត់ខ្លួនកាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៤ មិនយូរប៉ុន្មានបន្ទាប់ពីហោះចេញពីទីក្រុងគូឡាឡាំពួរ។

ទោះបីជាមានការចូលរួមស្វែងរកពីបណ្ដាប្រទេសជាច្រើនអស់ពេលច្រើនឆ្នាំនៅទូទាំងមហាសមុទ្រឥណ្ឌាភាគខាងត្បូងក៏ដោយ ក៏មិនដែលរកឃើញបំណែកយន្តហោះពេញលេញឡើយ។

ក្រសួងដឹកជញ្ជូនម៉ាឡេស៊ី បានឲ្យដឹងថា ក្រុមហ៊ុនរុករកមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Ocean Infinity នឹងបន្តប្រតិបត្តិការនៅបាតសមុទ្ររយៈពេល៥៥ថ្ងៃ បន្ទាប់ពីការស្វែងរកមុនត្រូវបានផ្អាកកាលពីខែមេសា ដោយសារសមុទ្រមានរលកខ្លាំង។

ការស្វែងរកនៅមហាសមុទ្រឥណ្ឌា

ក្រសួងបានរៀបរាប់ថា «ការស្វែងរកនេះនឹងត្រូវធ្វើឡើងនៅក្នុងតំបន់គោលដៅដែលត្រូវបានវាយតម្លៃថាមានប្រូបាប៊ីលីតេខ្ពស់បំផុតក្នុងការកំណត់ទីតាំងយន្តហោះ» ដោយមិនបានបញ្ជាក់ពីទីតាំងជាក់លាក់នោះទេ។

ម៉ាឡេស៊ីនឹងបង់ប្រាក់ឲ្យក្រុមហ៊ុន Ocean Infinity រហូតដល់៧០លានដុល្លារ បើ«បំណែកយន្តហោះសំខាន់»ត្រូវបានរកឃើញនៅក្នុងតំបន់ទំហំ១៥០០០គីឡូម៉ែត្រការ៉េនៃមហាសមុទ្រឥណ្ឌាភាគខាងត្បូង ក្រោមលក្ខខណ្ឌដែលបានព្រមព្រៀងរវាងរដ្ឋាភិបាល និងក្រុមហ៊ុន។

ក្រុមហ៊ុន Ocean Infinity ធ្លាប់បានស្វែងរកយន្តហោះនេះកាលពីឆ្នាំ២០១៨ ប៉ុន្តែមិនបានរកឃើញកម្ទេចកម្ទីដែលអាចសន្និដ្ឋានបាននោះឡើយ។

ការស្វែងរកជាបន្តបន្ទាប់

ចាប់តាំងពីឆ្នាំ២០១៤ បំណែកដែលត្រូវបានបញ្ជាក់ ឬជឿថាមកពី MH370 ត្រូវបានរកឃើញនៅតាមឆ្នេរសមុទ្រភាគខាងកើតនៃទ្វីបអាហ្វ្រិក និងនៅលើកោះនានាក្នុងមហាសមុទ្រឥណ្ឌា ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតនិយាយថា ការកំណត់ទីតាំងបំណែកធំនៅតែជារឿងចាំបាច់ក្នុងការកំណត់នូវអ្វីដែលបានកើតឡើងនៅលើយន្តហោះ។

របាយការណ៍ផ្លូវការឆ្នាំ២០១៨ បានលើកឡើងថា ការបញ្ជារបស់យន្តហោះទំនងជា «ត្រូវបានគេបង្វែរដោយចេតនា» ពីផ្លូវដែលបានគ្រោងទុក ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតមិនអាចកំណត់បានថា នរណាជាអ្នកទទួលខុសត្រូវ ហើយបានបញ្ឈប់ការសន្និដ្ឋានរបស់ពួកគេតាំងពីពេលនោះមក។

អ្នកដំណើរជាង១៥០នាក់នៅលើយន្តហោះគឺជាជនជាតិចិន។ អ្នកផ្សេងទៀតមកពីប្រទេសម៉ាឡេស៊ី បារាំង អូស្ត្រាលី ឥណ្ឌា ឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក អ៊ុយក្រែន និងកាណាដា។ ក្រុមគ្រួសារអ្នកនៅលើយន្តហោះបានស្វែងរកតម្លាភាពជាយូរមកហើយ ហើយបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Malaysia Airlines, Boeing, ក្រុមហ៊ុនផលិតម៉ាស៊ីន Rolls-Royce និងក្រុមហ៊ុនធានារ៉ាប់រងរួមទាំង Allianz ផងដែរ។

administrator

Related Articles