
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់យុទ្ធសាស្ត្រសំខាន់ «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លោកបានណែនាំក្រសួងពាណិជ្ជកម្មឱ្យបន្តអនុវត្តយុទ្ធសាស្ត្រនេះដោយពង្រឹងទំនាក់ទំនងជាមួយអតិថិជនចាស់ និងស្វែងរកទីផ្សារថ្មីៗបន្ថែម។ «អតិថិជនចាស់គឺជាអ្នកផ្សព្វផ្សាយល្អបំផុត បើយើងបាត់បង់ពួកគេ ការស្វែងរកអតិថិជនថ្មីនឹងកាន់តែពិបាក» លោកបានអះអាង។

លោកជំរុញឱ្យទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាមេរិក។ លោកក៏ស្នើឱ្យវិស័យឯកជនចូលរួមសហការក្នុងការរៀបចំបេសកកម្មពាណិជ្ជកម្ម ព្រឹត្តិការណ៍ពិព័រណ៍ និងកម្មវិធី Roadshow នៅតាមប្រទេសគោលដៅ។

យោងតាមទិន្នន័យ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាឈានដល់៥៣.៥៨ប៊ីលានដុល្លារ កើនឡើង១៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

