(ភ្នំពេញ)៖ ស្វាយចន្ទីកម្ពុជាបានឈានជំហានយ៉ាងធំក្នុងទីផ្សារអន្តរជាតិ ដោយឥឡូវនេះអាចរកឃើញនៅក្នុងផ្សារក្នុងប្រទេសជប៉ុនជាង ១៦,៣០០ ទីតាំង តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនជប៉ុនដ៏ល្បី។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីជោគជ័យនេះក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលរៀបចំឡើងក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត។
«នេះជាជោគជ័យដ៏ធំមួយសម្រាប់ផលិតផលកសិកម្មកម្ពុជា។ យើងបានសហការជាមួយក្រុមហ៊ុនជប៉ុនចំនួនពីរ ដើម្បីជំរុញការនាំចេញស្វាយចន្ទីទៅកាន់ទីផ្សារជប៉ុន។ បច្ចុប្បន្ន ផលិតផលរបស់យើងអាចរកឃើញនៅក្នុងផ្សារ Family Mart ដ៏ល្បីចំនួន ១៦,៣២០ ទីតាំងទូទាំងប្រទេសជប៉ុន» លោកស្រីបានថ្លែង។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការពង្រីកទីផ្សារនាំចេញ។
«តាមរយៈក្រុមការងារជំរុញការនាំចេញ យើងបានសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ កិច្ចសហការជាមួយក្រុមហ៊ុន Mirarth Holding Inc. និងដៃគូជប៉ុន បានផ្តល់ឱកាសឱ្យស្វាយចន្ទីកម្ពុជាចូលទីផ្សារជប៉ុនដោយជោគជ័យ» លោកបានមានប្រសាសន៍។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានេះ ដែលនឹងបន្តរហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មានស្តង់បង្ហាញផលិតផលក្នុងស្រុកជាង ២៥០ ស្តង់ ដោយមានការចូលរួមពីសហគ្រាសជាតិ និងអន្តរជាតិជាច្រើន។
លោកឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រសួងពាណិជ្ជកម្មបន្តយន្តការជំរុញការនាំចេញនេះ ដើម្បីបង្កើនវត្តមានផលិតផលកម្ពុជានៅលើទីផ្សារតំបន់ និងអន្តរជាតិ។
