ភ្នំពេញ៖ ជនជាតិចិនម្នាក់បានស្លាប់ក្រោយពីត្រូវរថយន្តបុកយ៉ាងធ្ងន់ បណ្ដាលមកពីជម្លោះជំពាក់លុយចំនួនដុល្លារអាមេរិករាប់ម៉ឺន កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។

ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅរោងចក្រអូឡៃហ្វា ខេមបូឌា ហ្គាមិន ដែលស្ថិតនៅតាមដងផ្លូវ៣០ម៉ែត្រ ភូមិព្រៃធំ។ ជនរងគ្រោះឈ្មោះ XU GUOUNANG អាយុ៥៤ឆ្នាំ ជាម្ចាស់រោងចក្រខាងលើ រីឯជនសង្ស័យឈ្មោះ NHANG TUAN អាយុ៣៦ឆ្នាំ ជាអ្នកទារប្រាក់ជំពាក់។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានបើករថយន្តតូយូតារ៉ាស់ពណ៌ស ផ្លាកលេខភ្នំពេញ2BV-8516 មកពីផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ១៦ ដើម្បីមកទារប្រាក់ជំពាក់ថ្លៃកាតុងចំនួន៣៤,០០០ដុល្លារអាមេរិក។

ពេលមកដល់រោងចក្រ ជនសង្ស័យបានឡើងទៅជួបជនរងគ្រោះនិងកូនប្រុសរបស់គាត់នៅក្នុងបន្ទប់ការិយាល័យ។ ក្រោយពីជជែកគ្នាអំពីបញ្ហាលុយមិនសម្រេច ក៏កើតជាជម្លោះឈ្លោះប្រកែកគ្នា រហូតដល់ប្រតាយប្រតប់គ្នា។
ជនសង្ស័យបានចុះពីបន្ទប់ការិយាល័យមកឡើងរថយន្តដើម្បីត្រឡប់ទៅវិញ ប៉ុន្តែជនរងគ្រោះបានរត់តាមក្រោយមកគោះទ្វារកញ្ចក់រថយន្តខាងស្តាំដៃ ដោយសុំឱ្យបើកទ្វារចុះនិយាយគ្នាសិន។ ជនសង្ស័យមិនព្រមបើកកញ្ចក់ទ្វាររថយន្ត ហើយព្យាយាមបើករថយន្តចេញ។

នៅពេលនោះ ជនរងគ្រោះបានរត់ទៅខាងមុខរថយន្តដើម្បីទៅគោះទ្វារកញ្ចក់ខាងឆ្វេង ក៏ត្រូវជនសង្ស័យបើករថយន្តបុកយ៉ាងខ្លាំង បណ្ដាលឱ្យរងរបួសធ្ងន់។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរ៉ូយ៉ាល់ ហើយបានស្លាប់នៅទីនោះ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតបន្ថែម។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
