ខេត្តក្រចេះ៖ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបរោងសិប្បកម្មគ្រឿងសង្ហារឹមធ្វើពីឈើធម្មជាតិមួយកន្លែង ដែលដំណើរការដោយគ្មានលិខិតអនុញ្ញាត នៅឃុំស្រែជិះ ស្រុកអូរក្រៀងសែនជ័យ កាលពីថ្ងៃទី៣ ធ្នូ ២០២៥។

ប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោង ៣:៣០រសៀល ដោយការសហការរវាងមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ កងរាជអាវុធហត្ថ មន្ត្រីបរិស្ថានខេត្ត និងកម្លាំងនគរបាលរដ្ឋបាលស្រែជិះ។ ទីតាំងសិប្បកម្មនេះស្ថិតនៅត្រង់ចំណុចនិយាមកា៦៦០៣៤៤-១៤៣១៣២៧ ក្នុងភូមិស្រែរុង។
សមត្ថកិច្ចបានចាប់ឃាត់វត្ថុតាងល្មើសជាច្រើន រួមមាន៖ តួម៉ាស៊ីនបញ្ឈរ១គ្រឿង តុឈូស១ ម៉ាស៊ីនគោយន្ត២២សេស១គ្រឿង ធុងខ្យល់១គ្រឿង រណារថាស១ ម៉ូទូរឈូស១គ្រឿង ម៉ូទ័រលក២គ្រឿង ម៉ូទ័រកាត់២គ្រឿង ម៉ូទ័រខាត់២គ្រឿង និងឈើអារលេខ១ (សុក្រម) ចំនួន៥១ដុំ ស្មើនឹង១.២៤៤ម៉ែត្រគូប។

វត្ថុតាងល្មើសទាំងអស់ត្រូវបានប្រគល់ជូនលោក រុន តូនី នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ ដើម្បីរក្សាទុកជាបណ្តោះអាសន្ន។ ទីតាំងនេះដំណើរការដោយគ្មានម្ចាស់ទទួលខុសត្រូវ និងគ្មានអនុញ្ញាតិពីអាជ្ញាធរព្រៃឈើ។
កម្ពុជាថ្មីបានព្យាយាមទាក់ទងមន្ត្រីពាក់ព័ន្ធដើម្បីសុំព័ត៌មានបន្ថែម ប៉ុន្តែគ្មានការឆ្លើយតបពីលោក ទ្រី សុភក្ត្រ័ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តក្រចេះ និងលោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ រហូតដល់ម៉ោង ២:៤០នាទីថ្ងៃទី៤ ធ្នូ។
ប្រតិបត្តិការនេះបង្ហាញពីការតស៊ូរបស់អាជ្ញាធរក្នុងការបង្ក្រាបសកម្មភាពឈើខុសច្បាប់នៅតំបន់ខេត្តក្រចេះ។
