
ភ្នំពេញ៖ យោងតាមវិទ្យុជាតិកម្ពុជា កាណាដានឹងជំរុញឱ្យអ្នកវិនិយោគកាណាដាមកកម្ពុជាបន្ថែមទៀត បន្ទាប់ពីអ្នកវិនិយោគរបស់ខ្លួនមកបណ្ដាក់ទុនមានការរីកចម្រើន។

ក្រោយពីបញ្ចប់ជំនួបពិភាក្សាការងាររវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដា នៅវិមានព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមថា វត្តមានរបស់ខ្លួននឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងកាណាដាកាន់តែមានភាពសកម្ម។

ឯកឧត្តមបានលើកឡើងពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងរយៈពេលចុងក្រោយនេះមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយឯកឧត្តមផ្ទាល់ក៏ជាអ្នកស្រឡាញ់ចំពោះប្រទេសកម្ពុជា ដែលបានរៀនភាសាខ្មែរ និងចេះនិយាយភាសាខ្មែរទៀតផង។

ឯកឧត្តមសន្យាថា នឹងជំរុញបន្ថែមទៀតឱ្យអ្នកវិនិយោគកាណាដាមកកម្ពុជា ហើយបានបញ្ជាក់ថា នៅពេលនិយាយពីការវិនិយោគនៅកម្ពុជា គេនឹងនឹកឃើញដល់ធនាគារ ABA ដែលជាធនាគាររបស់កាណាដា ដែលនេះជាផ្លែផ្កាមួយ។

សម្តេចតេជោបានសម្ដែងនូវក្តីរីករាយចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតកាណាដា ជាពិសេសគឺការកើនឡើងនូវទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ដែលក្នុងពេលកន្លងទៅនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺកើនឡើងដល់ជាង១ពាន់លានដុល្លារ។

សម្ដេចតេជោបានចាត់ទុកទំនាក់ទំនងពាណិជ្ជកម្មដែលមានប្រមាណជាង ១ពាន់លានដុល្លារនេះ គឺមិនមែនជារឿងសាមញ្ញទេ ដែលប្រទេសនៅឆ្ងាយពីគ្នាក៏ប៉ុន្តែអាចធ្វើពាណិជ្ជកម្មក្នុងរង្វង់ជាង១ពាន់លានដុល្លារជាមួយគ្នា គឺកើតឡើងពីការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរវាងភាគីទាំងពីរ។

សម្ដេចតេជោសង្ឃឹមថា កម្ពុជា និងកាណាដា នឹងរួមសហការគ្នាបន្ថែមទៀតដើម្បីពូនជ្រុំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរមកហើយ។
ប្រភព៖ វិទ្យុជាតិកម្ពុជា
