អេ អាំ ម៉ារីន នៅតែជាម្ចាស់ខ្សែក្រវាត់ ក្រោយការត្រួតពិនិត្យវីដេអូឡើងវិញ

អេ អាំ ម៉ារីន នៅតែជាម្ចាស់ខ្សែក្រវាត់ ក្រោយការត្រួតពិនិត្យវីដេអូឡើងវិញ

រាជធានីភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបើកកិច្ចប្រជុំដោះស្រាយភាពមន្ទិលជុំវិញលទ្ធផលការប្រកួតដណ្ដើមខ្សែក្រវាត់រវាងកីឡាករ អេ អាំ ម៉ារីន ភូថង និងកីឡាជនជាតិអង់គ្លេស ម៉ូអាប់ ដារ៉ាម៉ាន់ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។

កីឡាករអេ អាំ ម៉ារីន ភូថង

ការប្រជុំរកដំណោះស្រាយកើតឡើងក្រោយពីមានការរិះគន់ដូចព្យុះពីសំណាក់អ្នកនិយមតាមដានការប្រកួតកីឡាប្រដាល់គុនខ្មែរ។ កីឡាករអង់គ្លេសម៉ូអាប់ ដារ៉ាម៉ាន់ ដែលចាញ់មិនអស់ចិត្តបានលើកឡើងថា ការប្រកួតពេញ៥ទឹក អេ អាំ ម៉ារីន មិនបានវាយគាត់ទេ គិតតែពីដើរថយក្រោយ។

ឆ្លើយតបនឹងការរិះគន់នេះ ឯកឧត្តមខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសន្យាថា នឹងសើរើលទ្ធផលប្រកួតឡើងវិញជាបន្ទាន់។ ឯកឧត្តមបានសរសេរសារបង្ហោះភ្លាមៗថា «ខ្ញុំនឹងសម្រេចដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលឡើងវិញ នៃការប្រកួតរវាងកីឡាករអេ អាំ ម៉ារីន ភូថង ជាមួយកីឡាករម៉ូអាប់ ដារ៉ាម៉ាន់នៅថ្ងៃចន្ទ»។

ការប្រកួតគុនខ្មែរ

នៅក្នុងកិច្ចប្រជុំត្រូតពិនិត្យវីដេអូប្រកួតឡើងវិញកាលពីថ្ងៃចន្ទកន្លងទៅនេះ ឯកឧត្តមខូវ ឆាយ បានអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមទាំងភាគីកីឡាករបរទេសមានដូចជាគ្រូបង្វឹក កីឡាករ និងអ្នកថតរូបថែមទៀត។

ក្រោយពីចំណាយពេលត្រួតពិនិត្យមើលការប្រកួតឡើងវិញអស់មួយព្រឹកពេញ ចំពោះលទ្ធផលបច្ចេកទេសគឺប្រហាក់ប្រហែលគ្នា។ ដូច្នេះអេ អាំ ម៉ារីន ភូថង នៅរក្សាតំណែងជាម្ចាស់ខ្សែក្រវាត់ដដែល។

ឯកឧត្តមប្រធានសហព័ន្ធបានពន្យល់ថា ការប្រកួតដណ្ដើមខ្សែក្រវាត់ បើការប្រកួតនោះមានលក្ខណៈប្រហាក់ប្រហែល យើងមិនអាចឱ្យអ្នកមកដណ្ដើមឈ្នះបាននោះទេ។ បើតាមការពិនិត្យជាក់ស្ដែងសម្រាប់ការប្រកួត២ទឹកដំបូង អេ អាំ ម៉ារីន ភូថង វាយចេញបានច្រើន។

ចប់ការប្រកួត៥ទឹកពេញ ចៅក្រម៥រូបមាន៣រូបសម្រេចឱ្យអេ អាំ ម៉ារីន ភូថងជាអ្នកឈ្នះ ក្នុងពេលចៅក្រម២រូបទៀតឱ្យកីឡាករអង់គ្លេសជាអ្នកឈ្នះ។

អត្ថបទសរសេរដោយ អ៊ុំ សំអូន
កែសម្រួលដោយ ធីតា

administrator

Related Articles