បាងកក៖ តារាសម្តែងថៃឈ្មោះ Nana Rybena អាយុ ៤៥ឆ្នាំ ត្រូវបានប៉ូលីសចាប់ខ្លួនជាមួយប្តីរបស់នាង ក្នុងសំណុំរឿងបោកប្រាក់វិនិយោគជាង ៤០០លានបាត (ប្រមាណ ១២,៨លានដុល្លារ) នេះបើយោងតាមការបញ្ជាក់ពីការិយាល័យស៊ើបអង្កេតកណ្តាលថៃ។

ការចាប់ខ្លួនដ៏ធំនេះកើតឡើងបន្ទាប់ពីមានជនរងគ្រោះចំនួន ១៧នាក់បានដាក់ពាក្យប្តឹងទៅតុលាការ ដោយអះអាងថាត្រូវបានគូស្វាមីភរិយានេះបោកប្រាក់វិនិយោគក្នុងអាជីវកម្មមួយដែលពួកគេសន្យាថានឹងផ្តល់ផលចំណេញខ្ពស់។
បើតាមការស៊ើបអង្កេត ជនសង្ស័យទាំងពីរបានប្រើភាពល្បីល្បាញរបស់តារាសម្តែងដើម្បីទាក់ទាញមិត្តភក្តិ និងអ្នកស្គាល់ឱ្យដាក់ប្រាក់វិនិយោគ ប៉ុន្តែពួកគេមិនអាចទទួលបានប្រាក់ត្រឡប់វិញតាមការសន្យាឡើយ។

លោកប៉ូលីសបានបញ្ជាក់ថា ករណីនេះត្រូវបានស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនខែមកហើយ ហើយការចាប់ខ្លួនបានធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ក្រោយពីបានប្រមូលភស្តុតាងគ្រប់គ្រាន់។ ជនសង្ស័យទាំងពីរបច្ចុប្បន្នស្ថិតក្រោមការឃុំខ្លួន ហើយនឹងត្រូវដាក់ពាក្យប្តឹងតាមផ្លូវច្បាប់។
ករណីនេះបានធ្វើឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងសង្គមថៃ ដោយសារតែភាពល្បីល្បាញរបស់តារាសម្តែង និងចំនួនប្រាក់ដ៏ធំដែលត្រូវបានបោកប្រាស់។
