អាជ្ញាធរចាប់ខ្លួនជនសង្ស័យប្រើឧបករណ៍ឆក់ត្រីខុសច្បាប់នៅស្ទឹងត្រែង

អាជ្ញាធរចាប់ខ្លួនជនសង្ស័យប្រើឧបករណ៍ឆក់ត្រីខុសច្បាប់នៅស្ទឹងត្រែង

ឧបករណ៍នេសាទខុសច្បាប់

ខេត្តស្ទឹងត្រែង – មន្ត្រីអនុវត្តច្បាប់ជលផលបានបញ្ជូនជនសង្ស័យម្នាក់ ព្រមទាំងវត្ថុតាងឧបករណ៍ឆក់ត្រី ទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីដាក់បន្ទុកតាមនីតិវិធីច្បាប់ស្តីពីជលផល។

ទូកនេសាទខុសច្បាប់

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចក្បាលកោះជ្រៃ ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក។ តាមប្រភពព័ត៌មានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោត ប៉ុស្តិ៍ត្បូងខ្លា-កោះជ្រឹម បានសហការជាមួយគណៈកម្មការសហគមន៍នេសាទកាំងដីស និងសហគមន៍នេសាទអូរម្រះ បានធ្វើការបង្ក្រាបបទល្មើសនេសាទ។

ម៉ាស៊ីននេសាទ

ជាលទ្ធផលក្រោយពីការដេញប្រផាប់ចាប់ប្រភីង ក្រុមឆ្មាំទន្លេបានឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនរួច។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ រ៉ង រី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ឧបករណ៍ឆក់ត្រី

វត្ថុតាងនៃបទល្មើសដែលបានរឹបអូសរួមមាន៖ ទូកស្មាច់ ប្រវែង ៥,៩ ម៉ែត្រ ពណ៌ខៀវ៖ ០១ គ្រឿង។ ម៉ាស៊ីន ម៉ាកហ៊ីណូតា កម្លាំង ៧ សេះ៖ ០១ គ្រឿង។ ក្បាលឆក់ (អ័ងវ៉ាទ័រ)៖ ០១ គ្រឿង។ ខ្សែកាប៖ ៥ ម៉ែត្រ។ ខ្សែភ្លើង៖ ៥ ម៉ែត្រ។ និងថ្នងដងត្រី៖ ០១ គ្រឿង។

ការអនុវត្តច្បាប់

បច្ចុប្បន្ន មន្ត្រីជំនាញជលផលកំពុងបន្តនីតិវិធីបញ្ជូនសំណុំរឿងទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចោទប្រកាន់ និងផ្តន្ទាទោសជនសង្ស័យតាមច្បាប់ស្តីពីជលផល។ ដោយឡែក ចំពោះជនសង្ស័យជាបក្ខពួកដែលបានរត់គេចខ្លួន មន្ត្រីជំនាញកំពុងបន្តការស៊ើបអង្កេត និងតាមចាប់ខ្លួនដើម្បីនាំយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន។ ការអនុវត្តច្បាប់នេះ គឺសំដៅពង្រឹងការអភិរក្សធនធានជលផល និងទប់ស្កាត់ការនេសាទដោយប្រើឧបករណ៍ខុសច្បាប់។

administrator

Related Articles