
រាជធានីភ្នំពេញ – កម្ពុជា និងចិន បានប្រកាសចាប់ផ្តើមអនុវត្តគម្រោងស្រាវជ្រាវរួមគ្នាចំនួន ៨ គម្រោង ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ពិធីនេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិន។ គម្រោងទាំងនេះផ្តោតលើវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា រួមមានសន្តិសុខស្បៀង សុខភាពសាធារណៈ និងការអភិវឌ្ឍឌីជីថល។

សំណើគម្រោងចំនួន ៨ នេះត្រូវបានជ្រើសរើសពីសំណើប្រមាណ ៧០ គម្រោងដែលបានដាក់ស្នើដោយក្រុមស្រាវជ្រាវមកពីប្រទេសទាំងពីរ។ លោក Dai Gang អគ្គនាយកក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន បានលើកឡើងថា៖ “កិច្ចសហប្រតិបត្តិការនេះមានគោលដៅផ្តល់ផ្លែផ្កានវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាគុណប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។”

វិស័យស្នូលចំនួន ៤ នៃកម្មវិធីស្រាវជ្រាវរួមគ្នានេះមាន៖ បច្ចេកវិទ្យាអាហារ, បច្ចេកវិទ្យាជីវសាស្រ្តសម្រាប់សុខាភិបាល និងបរិស្ថាន, បញ្ញាសិប្បនិម្មិត (AI) ដើម្បីកសាងសមត្ថភាពឌីជីថល, និងវិទ្យាសាស្រ្តទិន្នន័យ។

គម្រោងទាំងនេះនឹងត្រូវអនុវត្តក្នុងរយៈពេល ២ ឆ្នាំ។ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន នឹងផ្តល់ការគាំទ្រហិរញ្ញវត្ថុរហូតដល់ ២ លានយ៉ន់ (ប្រមាណ ២៨ម៉ឺនដុល្លារ) សម្រាប់ក្រុមស្រាវជ្រាវចិននីមួយៗ ខណៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា នឹងផ្តល់ការគាំទ្រស្ថាប័ន និងបដិភាគដល់អ្នកស្រាវជ្រាវកម្ពុជា។
ប្រភព៖ ក្រសួងព័ត៌មាន
