(ភ្នំពេញ)៖ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា ASEAN NEXT ឆ្នាំ២០២៥ ដែលប្រមូលផ្តុំអ្នកដឹកនាំ អ្នកជំនាញ និងតំណាងឧស្សាហកម្មពីទូទាំងតំបន់ ដើម្បីជំរុញការចាប់យកបច្ចេកវិទ្យាទំនើប និងទំនើបកម្មវិស័យកម្មន្តសាល។

វេទិកាដ៏សំខាន់នេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «តួនាទីនៃបច្ចេកវិទ្យា និងនវានុវត្តន៍ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ភាពជោគជ័យនៃវិស័យកម្មន្តសាល»។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា៖ «ភាពប្រកួតប្រជែងនៃវិស័យកម្មន្តសាលក្នុងសតវត្សរ៍ទី២១ មិនផ្អែកលើកម្លាំងពលកម្មដែលមានតម្លៃទាបទេ ប៉ុន្តែត្រូវផ្អែកលើចំណេះដឹង ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើប»។

លោកបានរំលេចពីកិច្ចខិតខំរបស់កម្ពុជាក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម រួមទាំងការសិក្សាបង្កើតសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការរៀបចំមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិ និងការរៀបចំច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា។
លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ពីការគាំទ្រអាទិភាពនៃវេទិកានេះ ដោយភ្ជាប់វាទៅនឹងផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) ឆ្នាំ២០២៦-២០៣៥។

លោកបានសង្កត់ធ្ងន់ថា៖ «ភស្តុភារទំនើប ថាមពល ការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់វិស័យកម្មន្តសាល»។
លោកបណ្ឌិត Song Jianyuan នាយករងនៃមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា ចិន-អាស៊ាន បានលើកឡើងពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងការពង្រីកបណ្តាញនវានុវត្តន៍ ដែលបច្ចុប្បន្នមានជាង ២.៩០០ ស្ថាប័នចូលរួម។

តំណាងប្រទេសអាស៊ាន និងចិន បានបង្ហាញការប្តេជ្ញាចិត្តក្នុងការអនុវត្តផែនទីសហប្រតិបត្តិការ ដោយផ្តោតលើការចាប់យកបច្ចេកវិទ្យាទំនើប ដូចជាបញ្ញាសិប្បនិម្មិត IoT និងបច្ចេកវិទ្យារ៉ូបូត។
លោក ហែម វណ្ណឌី បានបន្ថែមថា៖ «សម្រាប់កម្ពុជា យើងមិនអាចត្រឹមតែឈរមើលការផ្លាស់ប្តូរជាសាកលទាំងនេះទេ។ ASEAN NEXT គឺជាវេទិកាសម្រាប់ប្រែក្លាយគោលដៅយុទ្ធសាស្ត្ររបស់យើង ឱ្យទៅជាលទ្ធផលជាក់ស្តែង»។

វេទិការយៈពេលពីរថ្ងៃនេះ មានគោលដៅតម្រង់ទិសគោលនយោបាយនវានុវត្តន៍ក្នុងតំបន់ ពង្រឹងភាពជាដៃគូឆ្លងព្រំដែន និងពន្លឿនបរិវត្តកម្មអាស៊ាន ឆ្ពោះទៅកាន់វិស័យកម្មន្តសាលទំនើប៕
