អាមេរិកពិចារណាអនុញ្ញាតឲ្យម៉ាឌូរ៉ូនិរទេសទៅកាតា ខណៈពង្រីកយុទ្ធនាការប្រឆាំងគ្រឿងញៀន

អាមេរិកពិចារណាអនុញ្ញាតឲ្យម៉ាឌូរ៉ូនិរទេសទៅកាតា ខណៈពង្រីកយុទ្ធនាការប្រឆាំងគ្រឿងញៀន

មន្ត្រីអាមេរិកកំពុងពិភាក្សាពីផែនការមួយដែលនឹងអនុញ្ញាតឲ្យប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និរទេសខ្លួនទៅប្រទេសកាតា ខណៈរដ្ឋបាលលោកត្រាំចង់ពង្រីកយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងបណ្តាញជួញដូរគ្រឿងញៀនដែលត្រូវបានសង្ស័យនៅក្បែរឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា។

អាមេរិកពិចារណាអនុញ្ញាតឲ្យម៉ាឌូរ៉ូនិរទេសទៅកាតា

ប្រភពជាន់ខ្ពស់មួយរូបក្នុងរដ្ឋបាលលោកត្រាំបាននិយាយថា រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានលើកឡើងពីជម្រើសនេះជាមួយមន្ត្រីកាតា។ មន្ត្រីអាមេរិកបានប្រាប់ថា សេណារីយ៉ូនេះថាអាចទៅរួច ដោយកត់សម្គាល់ថា កាតា អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ធ្លាប់បានស្នើខ្លួនជាម្ចាស់ផ្ទះសម្រាប់មេដឹកនាំដែលត្រូវទម្លាក់ពីតំណែង ដើម្បីពង្រឹងចំណងទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោន។

ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយជាមួយលោកម៉ាឌូរ៉ូ កាលពីសប្តាហ៍មុន ហើយបានជំរុញឲ្យលោកចុះចេញពីតំណែងជាបន្ទាន់។ លោកម៉ាឌូរ៉ូ ត្រូវបានរាយការណ៍ថាបានតបវិញជាមួយសំណើផ្ទេរអំណាចទៅអនុប្រធានាធិបតីរបស់លោក ជាថ្នូរនឹងការលើកលែងទោសទាំងឡាយសម្រាប់រូបលោក និងសម្ព័ន្ធមិត្តកំពូលៗ។ យ៉ាងណាមិញ សំណើនេះត្រូវបានអាមេរិកបដិសេធ។

អាមេរិកប្រឆាំងគ្រឿងញៀន

កាលពីខែមុន អាមេរិកបានប្រកាសចាត់ទុកលោកម៉ាឌូរ៉ូ និងគ្នីគ្នាជាសមាជិកនៃអង្គការភេរវកម្មបរទេស ដោយផ្តល់ឲ្យក្រុងវ៉ាស៊ីនតោននូវអំណាចផ្លូវច្បាប់កាន់តែទូលំទូលាយដើម្បីបើកការវាយប្រហារ។ លោក Rubio បានចោទប្រកាន់ថា ក្រុមគ្រឿងញៀន «Cartel de los Soles» ត្រូវបានដឹកមុខដោយលោកម៉ាឌូរ៉ូ ដោយបន្ថែមថា មេដឹកនាំវ៉េណេស៊ុយអេឡារូបនេះត្រូវតែទទួលខុសត្រូវចំពោះ«អំពើហិង្សាភេរវកម្ម»។

សូមជម្រាបថា ចាប់តាំងពីខែកញ្ញាមក អាមេរិកបានធ្វើការវាយប្រហារតាមផ្លូវទឹកជាច្រើនលើកទៅលើទូកដែលសង្ស័យដឹកគ្រឿងញៀននៅក្នុងសមុទ្រការីប៊ីន សម្លាប់មនុស្សអស់ជាង៨០នាក់។ លើសពីនេះទៅទៀត កាលពីពេលថ្មីៗ លោកត្រាំ បានបង្ហើបថា ប្រតិបត្តិការរបស់អាមេរិក «តាមផ្លូវគោក» នឹងចាប់ផ្តើមក្នុងពេលឆាប់ៗ ខណៈអាមេរិកកំពុងពង្រឹងកម្លាំងយោធានៅក្នុងតំបន់ការីប៊ីន រួមទាំងការដាក់ពង្រាយនាវា USS Gerald Ford និងកងទ័ពប្រហែល១៥០០០នាក់។

administrator

Related Articles