(រាជធានីភ្នំពញ)៖ ក្រសួងការពារជាតិកម្ពុជាបានច្រានចោលយ៉ាងមុតមាំនូវការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ ដែលអះអាងថាមានករណីផ្ទុះមីននៅតំបន់ហួយតាម៉ារៀ និងចោទប្រកាន់ថាជាមីនរបស់កម្ពុជា។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការអះអាងរបស់ភាគីថៃគឺពុំមានភស្តុតាង និងជាព័ត៌មានមិនពិត។ នាថ្ងៃទី៣ ធ្នូ ២០២៥ ក្រសួងការពារជាតិបានបដិសេធទាំងស្រុងនូវការចោទប្រកាន់នេះ ដោយចាត់ទុកថាជាការបំភ័ន្តសហគមន៍អន្តរជាតិ។
តាមព័ត៌មានពីយោធភូមិភាគទី៤របស់កម្ពុជា នៅថ្ងៃទី២ ធ្នូ ម៉ោង ១៤:២០ គឺពុំមានឮសម្លេងផ្ទុះមីនណាមួយឡើយ។ កម្ពុជាបានបញ្ជាក់ថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ប្រទេសកម្ពុជាមិនដែលដាក់មីនថ្មីណាដែលគំរាមកំហែងដល់សន្តិសុខមនុស្សជាតិនោះទេ។
ក្រសួងការពារជាតិក៏បានអំពាវនាវឱ្យភាគីថៃបញ្ឈប់ការយកបញ្ហាមីនដែលជាព័ត៌មានមិនពិត ដើម្បីធ្វើជាលេសរំលោភបំពានលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។ កម្ពុជាបន្តប្តេជ្ញាគោរពសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ តុលា ២០២៥។
ប្រភព៖ ក្រសួងព័ត៌មាន
