ភ្នំពេញ៖ កម្ពុជាបន្តការរីកចម្រើនយ៉ាងរឹងមាំក្នុងវិស័យពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគពីបរទេស ដោយក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបបានកើនឡើងដល់ ៥៣,៥៨ ប៊ីលានដុល្លារ កើនឡើងប្រមាណ ១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

ជាពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ចំនួន ៦០៩ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៩,៥ ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ៤០០,០០០ កន្លែង។ នេះជាកំណត់ត្រាថ្មីមួយទៀត បន្ទាប់ពីឆ្នាំ២០២៤ បានអនុម័តគម្រោងវិនិយោគចំនួន ៤១៤ គម្រោង។
ក្នុងឱកាសសម្ពោធពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ នាថ្ងៃទី៤ ធ្នូ ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានបង្ហាញថា កម្ពុជាត្រូវបានទទួលស្គាល់ជាសកលក្នុងរយៈពេល ២ឆ្នាំបន្តបន្ទាប់គ្នា។ យោងតាម fDi Intelligence កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីប៉ាស៊ីហ្វិក និងលេខ៩ នៅទូទាំងពិភពលោក សម្រាប់សន្ទស្សន៍ Greenfield FDI Performance Index។
ឯកឧត្តម ស៊ុន ចាន់ថុល បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវិស័យឯកជន ដែលជានិច្ចកាលមានកិច្ចសហប្រតិបត្តិការល្អ ក្នុងការទាក់ទាញវិនិយោគ និងរុញច្រានកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម។
