
ភ្នំពេញ៖ ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ (CTExpo) ត្រូវបានបើកជាផ្លូវការនៅថ្ងៃនេះ ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើតកិត្យានុភាពផលិតផលក្នុងស្រុក» ដោយមានការចូលរួមពីអ្នកដឹកនាំជាន់ខ្ពស់និងអ្នកពាណិជ្ជកម្មជាច្រើន។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគក្នុងប្រទេស។ ព្រឹត្តិការណ៍នេះក៏ជួយផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានបើកពិធីជាផ្លូវការ ដោយសង្កត់ធ្ងន់លើការលើកកម្ពស់ផលិតផលក្នុងស្រុក និងការបង្កើតឱកាសពាណិជ្ជកម្មថ្មីៗ។ ពិព័រណ៍នេះមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ទី៧ ធ្នូ ២០២៥ នៅឯមណ្ឌលពិព័រណ៍ជាតិ។

ក្នុងពិព័រណ៍នេះមានស្តង់តាំងបង្ហាញជាង២៥០ស្តង់ ដែល៦០% ជាផលិតផលខ្មែរ និង៤០% ទៀតមកពីប្រទេសចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។ ផលិតផលដែលត្រូវបានបង្ហាញរួមមានផលិតផលកម្មន្តសាល សិប្បកម្ម កសិកម្ម និងសេវាកម្មជាច្រើនប្រភេទ។

ទន្ទឹមនឹងការតាំងបង្ហាញផលិតផល ក៏មានព្រឹត្តិការណ៍អមជាច្រើនដូចជា វេទិកាស្តីពីការនាំចេញ កម្មវិធីជំនួបពាណិជ្ជកម្ម វេទិកាប្រកួតប្រជែងសិស្សនិស្សិត និងការប្រគំតន្ត្រីផងដែរ។ ព្រឹត្តិការណ៍នេះរំពឹងថានឹងទាក់ទាញអ្នកទស្សនារាប់ពាន់នាក់។
