រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានរៀបចំវគ្គសិក្ខាសាលាស្ដីពីវិន័យ និងក្រមសីលធម៌ដល់ប្រតិភូកីឡាកម្ពុជា ដែលនឹងចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ។ កម្មវិធីនេះបានទទួលការអនុញ្ញាតពីឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា៖ “វគ្គនេះជាការបំប៉នស្មារតី បច្ចេកទេសផ្នែកសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តដល់ប្រតិភូកីឡាកម្ពុជា។ យើងក៏បានដាក់ចេញនូវវិធានការ និងវិន័យផ្សេងៗទៀត ដែលទទួលបានគោលការណ៍ពីថ្នាក់ដឹកនាំរួចហើយ។”

ឯកឧត្តមក៏បានដាស់តឿនទៅកាន់ប្រតិភូ និងគ្រូបង្វឹកអំពីយន្តការសំខាន់ៗ រួមមានការចូលរួមជាកិត្តិយសតំណាងមុខមាត់កម្ពុជា ការធានាឱ្យបាននូវសុខសុវត្ថិភាពពេលប្រកួត និងពេលត្រឡប់មកទឹកដីកំណើតវិញ។ ជាពិសេសការជំរុញឱ្យអត្តពលិកដណ្ដើមឱ្យបាននូវកិត្តិយសជូនជាតិ។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ នឹងចាប់ផ្ដើមប្រកួតផ្លូវការពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។ ម្ចាស់ផ្ទះថៃបានដាក់៥០ប្រភេទកីឡាលើ៥៧៤វិញ្ញាសា ដើម្បីឱ្យអត្តពលិកទាំងអស់ប្រកួតប្រជែងដណ្ដើមមេដាយ។
ប្រតិភូ គ្រូបង្វឹក និងអត្តពលិកទាំង១២ប្រភេទកីឡា ដែលបានចូលរួមវគ្គសិក្ខាសាលានេះ រួមមាន៖ អត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ ជឺជិតស៊ូ បាល់ទាត់លើតុ កីឡាអេឡិចត្រូនិក ម៉ូតូទឹក កាយសម្ព័ន្ធ ឃីកបុកស៊ីង ទ្រីយ៉ាត្លុង និងតេក្វាន់ដូ។
