(រាជធានីភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា ស្ត្រីជាកម្លាំងចលករដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។

ការថ្លែងនេះបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី (WEE-DC)» នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្នុងខណ្ឌដូនពេញ។
លោកជំទាវបានមានប្រសាសន៍ថា៖ «ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែមានភាពធន់ និងកាន់តែប្រសើរឡើង»។

មជ្ឈមណ្ឌល WEE-DC ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍសហគ្រិនភាព និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច ដោយមានមុខងារសំខាន់ៗ៖
- ការអភិវឌ្ឍសមត្ថភាពសេដ្ឋកិច្ចស្ត្រី
- កម្មវិធីគាំទ្រការចាប់ផ្តើម និងអភិវឌ្ឍសហគ្រិនភាពស្ត្រី
- ការលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍
- ការពង្រីកបណ្តាញ និងតភ្ជាប់ទីផ្សារទាំងក្នុងស្រុក តំបន់ និងសកលលោក

តំណាងសហគ្រិនស្ត្រីបានសម្តែងក្តីរីករាយចំពោះសមិទ្ធផលនេះ ដោយលើកឡើងថា បច្ចុប្បន្នស្ត្រីមានលទ្ធភាពបង្កើតអាជីវកម្ម និងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារដូចបុរស។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានចាត់ទុកការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីជាអាទិភាព ដោយចាត់ទុកថា «ស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។
