ភ្នំពេញ៖ ប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់កម្ពុជា បានក្លាយជាអ្នកឈ្នះចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទីតាំងទាក់ទាញទេសចរណ៍ខ្លាំងបំផុតនៅទ្វីបអាស៊ី ប្រចាំឆ្នាំ២០២៥ របស់វេបសាយទេសចរណ៍ដ៏ល្បីល្បាញ TripAdvisor។

ក្នុងការប្រកួតប្រជែងដ៏សាហាវជាមួយទីតាំងដ៏ល្បីល្បាញផ្សេងៗទៀត អង្គរវត្តបានយកឈ្នះលើមហាកំផែងចិន និងប្រាសាទតាជមហាល់របស់ឥណ្ឌា ដោយឈរនៅលើកំពូលចំណាត់ថ្នាក់។
TripAdvisor បានសរសើរយ៉ាងពេញទំហឹងថា៖ “អង្គរវត្តគឺជាអច្ឆរិយវត្ថុមួយរបស់ពិភពលោក ហើយគ្មានអ្វីត្រូវឆ្ងល់ទេថាតើហេតុអ្វី។ សូមស្វែងយល់ពីរមណីយដ្ឋានបេតិកភណ្ឌពិភពលោករបស់យូណេស្កូមួយនេះ ហើយកោតសរសើរដល់ស្ថាបត្យកម្មនិងចម្លាក់ដ៏អស្ចារ្យរបស់ប្រាសាទ។”
សម្រាប់អ្នកទេសចរណ៍ដែលមានគម្រោងទៅទស្សនា ត្រូវដឹងថា មនុស្សជាច្រើននាំគ្នាទៅទស្សនានៅពេលថ្ងៃរះ ដូច្នេះត្រូវដាក់ម៉ោងរោទិ៍ជាមុន។ ការទៅជាមួយមគ្គុទ្ទេសក៍អាចធ្វើឲ្យបទពិសោធន៍កាន់តែមានតម្លៃ ព្រោះអ្នកនឹងបានស្តាប់នូវរឿងរ៉ាវ និងអត្ថន័យសំខាន់ៗនៅពីក្រោយសំណង់ប្រវត្តិសាស្ត្រនេះ។
ក្នុងចំណោមទីតាំងកំពូល៥របស់ TripAdvisor នៅអាស៊ីឆ្នាំ២០២៥៖
១. អង្គរវត្ត (កម្ពុជា)
២. មហាកំផែងចិន (ចិន)
៣. ប្រាសាទតាជមហាល់ (ឥណ្ឌា)
៤. ទីសក្ការបូជា Fushimi Inari-taisha (ជប៉ុន)
៥. សារមន្ទីរ War Remnants (វៀតណាម)
ជាការកត់សម្គាល់ដ៏គួរឱ្យចាប់អារម្មណ៍ គឺគ្មានទីតាំងណាមួយរបស់ប្រទេសថៃក្នុងបញ្ជីកំពូលទាំងនេះទេ។
អត្ថបទ៖ សុខ សុវណ្ណ
