ថៃប្រឈមគ្រោះថ្នាក់ខ្យល់ពុល PM2.5 ធ្ងន់ធ្ងរ សាលាទូទាំងប្រទេសត្រូវចាត់វិធានការការពារសិស្ស

ថៃប្រឈមគ្រោះថ្នាក់ខ្យល់ពុល PM2.5 ធ្ងន់ធ្ងរ សាលាទូទាំងប្រទេសត្រូវចាត់វិធានការការពារសិស្ស

ភាពធ្ងន់ធ្ងរនៃខ្យល់ពុល PM2.5 នៅប្រទេសថៃបានឈានដល់កម្រិតគ្រោះថ្នាក់ ដែលធ្វើឲ្យរដ្ឋាភិបាលត្រូវចេញការព្រមានជាសាធារណៈដល់សាលារៀនទូទាំងប្រទេស ឲ្យចាត់វិធានការការពារសុខភាពសិស្សានុសិស្ស។

សិស្សសាលាថៃពាក់ម៉ាសការពារខ្យល់ពុល

លោកស្រី Narumon Pinyosinwat រដ្ឋមន្ត្រីក្រសួងអប់រំថៃ បានប្រកាសកាលពីថ្ងៃពុធទី៣ ខែធ្នូ ឆ្នាំ២០២៥ ថា៖ “សូមសាលារៀនទាំងអស់ប្រាប់ឲ្យសិស្សផ្អាកសកម្មភាពខាងក្រៅ និងត្រូវពាក់ម៉ាសជាប់ជានិច្ច ដោយសារស្ថានភាពខ្យល់ពុល PM2.5 ពេលនេះកាន់តែធ្ងន់ធ្ងរ លើសកម្រិតសុវត្ថិភាពហើយ។”

ទន្ទឹមនោះ លោកស្រីបានអំពាវនាវដល់ភ្នាក់ងារពាក់ព័ន្ធទាំងអស់ ឲ្យតាមដានស្ថានភាពខ្យល់ពុលឲ្យបានដិតដល់ ដើម្បីស្រួលវាយតម្លៃហានិភ័យដល់សិស្ស គ្រូបង្រៀន និងបុគ្គលិកសាលារៀន។

ខ្យល់ពុលនៅទីក្រុងបាងកក

រដ្ឋមន្ត្រីក្រសួងសុខាភិបាល Phatthana បានឲ្យដឹងថា ខ្យល់ពុល PM2.5 ដ៏អាក្រក់នឹងវាយប្រហារប្រទេសថៃរហូតដល់ដើមឆ្នាំក្រោយ។ លោកបានព្រមានឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នជាពិសេសក្រុមមនុស្សងាយរងគ្រោះ ដូចជាកុមារតូចៗ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកមានជំងឺរ៉ាំរ៉ៃ ជាពិសេសអ្នកមានជំងឺផ្លូវដង្ហើម។

ការព្រមាននេះកើតឡើងស្របពេលខ្យល់ពុល PM2.5 បានឈានដល់កម្រិតប្រកាសអាសន្នពណ៌ក្រហម នៅក្នុងទីក្រុងបាងកក និងខេត្តចំនួន១៤ រួមមាន Samut Sakhon, Nonthaburi, Nakhon Pathom, Samut Prakan, Pathum Thani, Chonburi, Chachoengsao, Rayong, Ratchaburi, Chanthaburi, Trat, Prachinburi, Samut Songkhram និង Phetchaburi។

ទីភ្នាក់ងារអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យាជាតិថៃ (GISTDA) បានឲ្យដឹងថា ពេលឡើងដល់ចំណុចកំពូលនៅថ្ងៃអង្គារ ខ្យល់ពុល PM2.5 ក្នុងខ័ណ្ឌ Nong Khaem នៃទីក្រុងបាងកក បានឈានកម្រិតគ្រោះថ្នាក់ខ្លាំង ១០២.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ពោលគឺលើសឆ្ងាយណាស់ពីកម្រិតសុវត្ថិភាពកំណត់ដោយរដ្ឋាភិបាលថៃ ដែលដាក់ត្រឹម២៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ប៉ុណ្ណោះ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles