(ខេត្តពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានជ្រើសរើសកំណាត់ផ្លូវជាតិលេខ៥៥ ដែលឆ្លងកាត់ស្រុកបាកាន និងក្រុងពោធិ៍សាត់ ធ្វើជាគំរូដំបូងក្នុងការអភិវឌ្ឍន៍ផ្លូវ និងរៀបចំសោភ័ណភាពបរិស្ថាន។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងឱកាសចុះពិនិត្យផ្ទាល់នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយកំណាត់ផ្លូវប្រវែង៦គីឡូម៉ែត្រនេះនឹងត្រូវអភិវឌ្ឍជាគំរូមុនគេ។

លោកអភិបាលបានបញ្ជាក់ថា ផ្លូវនេះចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៥ ឆ្ពោះទៅបូជនីយដ្ឋានទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ រហូតដល់វត្តហ្លួង សង្កាត់លលកស។ ការអភិវឌ្ឍន៍នឹងរួមមានការពង្រីកតួផ្លូវ រៀបចំសោភ័ណភាព និងអនាម័យបរិស្ថាន។
“ការអភិវឌ្ឍន៍នេះនឹងជួយលើកកម្ពស់សោភណ្ឌភាព ទាក់ទាញទេសចរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍” លោកអភិបាលបានថ្លែង។
ជំហានដំបូងនឹងផ្សព្វផ្សាយព័ត៌មានទៅកាន់ប្រជាពលរដ្ឋ មុនពេលចាប់ផ្តើមរុះរើអគាររំលោភលើដីចំណីផ្លូវសាធារណៈ។ ក្រោយមកនឹងធ្វើការចាក់ដី ពង្រីកតួផ្លូវ និងដាំផ្កាឈើលម្អ។

លោកអភិបាលក៏បានណែនាំអាជ្ញាធរមូលដ្ឋានទូទាំងខេត្តឱ្យមានភាពឆ្លាតវាងវៃ និងចុះអប់រំប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាបរិស្ថាន។
ជាពិសេស ខេត្តពោធិ៍សាត់នឹងត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បុណ្យទន្លេនៅឆ្នាំ២០២៦ ដែលតម្រូវឱ្យមានការរៀបចំសោភ័ណភាពបរិស្ថានឱ្យបានល្អ។
បច្ចុប្បន្ន រដ្ឋបាលខេត្តកំពុងដាក់ពង្រាយអំពូលភ្លើងសូឡា LED តាមដងផ្លូវជាតិលេខ៥ ដើម្បីបំភ្លឺផ្លូវសាធារណៈ និងលើកកម្ពស់រូបភាពខេត្ត។
