(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានច្រានចោលដាច់ខាតនូវការចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសថៃ ដែលចុះផ្សាយក្នុងសារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី១ ធ្នូ ២០២៥។

ការចោទប្រកាន់នេះអះអាងថា កម្ពុជាបានដាក់មីនថ្មីតាមបណ្តោយព្រំដែន និងទាមទារឱ្យប្រើប្រាស់វិធានការក្រោមមាត្រា៨ នៃអនុសញ្ញាអូតាវ៉ា។ កម្ពុជាបញ្ជាក់ថា ការចោទប្រកាន់នេះគ្មានមូលដ្ឋាន ធ្វើដោយឯកតោភាគី និងផ្ទុយពីការពិត។

អាជ្ញាធរមីនបានបំភ្លឺចំណុចសំខាន់ៗ៖
១. កម្ពុជាមិនមានប្រើប្រាស់មីនប្រឆាំងមនុស្សចាប់តាំងពីចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា រយៈពេលជាង៣០ឆ្នាំកន្លងមក។
២. ផ្ទៃដីមានមីននៅតំបន់ព្រំដែនជាកេរ្តិ៍ដំណែលបន្សល់ពីសង្គ្រាមទសវត្សរ៍១៩៧០-១៩៩០។

៣. ថៃតែងធ្វើសកម្មភាពបោសសម្អាតមីនដោយឯកតោភាគី ដោយគ្មានការសម្របសម្រួល និងមិនគោរពយន្តការដែលមានស្រាប់។
៤. កម្ពុជាបានបោសសម្អាតផ្ទៃដីមានមីនជាង៣ពាន់គីឡូម៉ែត្រការ៉េ រកឃើញនិងកម្ទេចចោលមីនប្រមាណ១,២លានគ្រាប់។

៥. បញ្ហាមនុស្សធម៌មិនគួរត្រូវប្រើប្រាស់ក្នុងនិន្នាការនយោបាយ។
៦. ថៃបានប្រើឧប្បត្តិហេតុផ្ទុះមីនជាយុទ្ធសាស្ត្រដើម្បីបំផ្លាញសមិទ្ធផលកម្ពុជា។

កម្ពុជាអំពាវនាវឱ្យមានការវាយតម្លៃប្រកបដោយវិជ្ជាជីវៈ អព្យាក្រឹតភាព និងផ្អែកលើភស្តុតាង ជំរុញការស៊ើបអង្កេតបច្ចេកទេសរួមគ្នា ដោយមានការចូលរួមពីតួអង្គអព្យាក្រឹត។
កម្ពុជានៅតែបន្តប្តេជ្ញារក្សាសន្តិភាព ស្ថិរភាព និងគោរពតាមកាតព្វកិច្ចអនុសញ្ញាអូតាវ៉ា៕
ផ្ដល់សិទ្ធិដោយ៖ Fresh News
