អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតេ បានព្រមានថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ ថា សម្ព័ន្ធមិត្តណាតូ«ត្រៀមរួចជាស្រេច និងមានឆន្ទៈ»ក្នុងការការពារទឹកដីប្រឆាំងនឹងរុស្ស៊ី។

ការព្រមាននេះមកបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានគំរាមអឺរ៉ុបដោយសង្រ្គាមពេញទំហឹង។ លោករូតេបាននិយាយក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូនៅទីក្រុងព្រុចសែលថា៖ «អាកប្បកិរិយាព្រហើនរបស់រុស្ស៊ី រួមទាំងការរំលោភដែនអាកាស បានបង្កើនហានិភ័យសម្រាប់សម្ព័ន្ធមិត្ត»។
លោកបានបន្តថា៖ «យើងត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈក្នុងការធ្វើអ្វីដែលចាំបាច់ដើម្បីការពារប្រជាជនរបស់យើងចំនួន១ពាន់លាននាក់ និងធានាទឹកដីរបស់យើង»។
ក្នុងពេលជាមួយគ្នា សហភាពអឺរ៉ុបបានបង្ហាញសំណើប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កកជាង១០០ពាន់លានអឺរ៉ូ ដើម្បីគាំទ្រអ៊ុយក្រែនក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា៖ «យើងកំពុងផ្ញើសារយ៉ាងមុតមាំទៅកាន់ប្រជាជនអ៊ុយក្រែន»។
ទោះជាយ៉ាងណា ប្រទេសប៊ែលហ្ស៊ិកបានសម្តែងការស្ទាក់ស្ទើរចំពោះផែនការនេះ ដោយលើកឡើងពីហានិភ័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងច្បាប់។ សំណើរបស់ EU នឹងតម្រូវឲ្យមានការអនុម័តជាឯកច្ឆន្ទពីបណ្តាប្រទេសសមាជិកទាំង២៧។
