ភ្នំពេញ៖ ក្រុមប្រតិភូ និងអត្តពលិកកម្ពុជាចំនួនសរុប ១៣៧នាក់ កំពុងត្រៀមខ្លួនយ៉ាងពេញទំហឹង សម្រាប់ការចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ ២០២៥ ដែលនឹងធ្វើឡើងនៅប្រទេសថៃ ចាប់ពីថ្ងៃទី៩ ដល់ទី២១ ខែធ្នូ។

យោងតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដម ញ៉ាន សុខវិសាល នាយបេសកកម្មកម្ពុជាបានធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការរាយការណ៍ចុងក្រោយស្ដីពីចំនួនប្រតិភូ អត្តពលិក និងប្រភេទកីឡាចូលរួម។
ជាការពិសេស ក្រុមកម្ពុជាមានលក្ខណៈពិសេសជាងក្រុមកីឡាប្រទេសផ្សេងៗ ដោយប្រតិភូ និងអត្តពលិកទាំងអស់ស្នាក់នៅរួមគ្នាតែមួយកន្លែង ដោយមិនបែងចែកប្រភេទកីឡាឡើយ។ ការស្នាក់នៅ និងការប្រកួតនឹងមាននៅ២កន្លែង គឺនៅក្រុងបាងកក និងខេត្តឈុនបុរី។
ឯកឧត្ដម ញ៉ាន សុខវិសាល បានបញ្ជាក់ថា៖ “ការធានាសុវត្ថិភាពគឺជាអាទិភាពខ្ពស់បំផុតសម្រាប់ក្រុមកម្ពុជា។ យើងមានការចូលរួមការពារយ៉ាងពេញទំហឹងពីសមត្ថកិច្ចម្ចាស់ផ្ទះ ទាំងនៅសណ្ឋាគារ និងពេលធ្វើដំណើរ។”
ក្រុមកីឡាកម្ពុជានឹងចូលរួមក្នុងប្រភេទកីឡាចម្រុះ រួមមាន៖ ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ តេក្វាន់ដូ WT ឃីកបុកស៊ីង ម៉ូតូទឹក ជឺជីតស៊ូ បាល់ទាត់លើតុ ទ្រីយ៉ាត្លុង និងកីឡាអេឡិចត្រូនិក។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងមានកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នៅថ្ងៃទី៨ ខែធ្នូ ដើម្បីពិភាក្សាកិច្ចការចុងក្រោយមុនព្រឹត្តិការណ៍ផ្លូវការ។
ប្រភព៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
