
ភ្នំពេញ – ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងប៉េកាំង ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានស្នើសុំឱ្យចិនជួយធ្វើអន្តរាគមន៍ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់នៅប្រទេសអ៊ុយក្រែន ដែលកំពុងធ្លាក់ក្នុងសង្គ្រាមជិត៤ឆ្នាំ។

ក្រៅពីបញ្ហាសន្តិភាពនៅអ៊ុយក្រែន លោក ម៉ាក្រុង ក៏បានអំពាវនាវឱ្យមានទំនាក់ទំនងពាណិជ្ជកម្មស្មើភាពគ្នាបន្ថែមទៀតរវាងចិន និងសហភាពអឺរ៉ុប។ ការស្នើសុំនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ទី៤ធ្នូ។
ប្រធានាធិបតីបារាំងបានថ្លែងថា៖ «អឺរ៉ុប និងចិន រួមជាមួយដៃគូផ្សេងទៀត មានតួនាទីក្នុងការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ចសកលដែលយុត្តិធម៌ និងរឹងមាំ»។

ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ថា ចិនចង់បន្ធូរបន្ថយជម្លោះពាណិជ្ជកម្មជាមួយអឺរ៉ុប ប៉ុន្តែភាគីទាំងពីរនៅតែមានភាពតានតឹងជុំវិញវិស័យរថយន្តអគ្គិសនីដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលចិន។
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងពេលដែលអឺរ៉ុបកំពុងស្វែងរកតុល្យភាពសេដ្ឋកិច្ច និងការគំរាមកំហែងផ្នែកសន្តិសុខពីចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីរនៅក្នុងពិភពលោក។
