ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានចាប់ខ្លួនក្មេងទំនើង២នាក់ ដែលជាប់ពាក់ព័ន្ធនឹងការវ៉ៃបំផ្លាញ និងកម្ទេចម៉ូតូរបស់ក្រុមម្ខាងទៀតដោយប្រើដុំថ្ម ដោយសារមានទំនាស់គ្នាពីមុន។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រកាសកាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះ សេង សុខណាង អាយុ១៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនហាងចិន និង ផឿន ដាវ័ន ហៅចិន អាយុ១៦ឆ្នាំ ជាបុគ្គលិកហាងបោកខោអាវ។

ប្រភពបានបន្តថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯកគឹម ឡៃ សមត្ថកិច្ចបានធ្វើការបង្ក្រាបករណីនេះ។ ហេតុការណ៍ដែលកើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវវត្តតាឡុក ក្រុងបាវិត ដែលក្មេងប្រុសពីរនាក់ត្រូវបានក្រុមក្មេងមួយក្រុមប្រដាប់ដោយកាំបិតនិងដុំថ្មវាយបំផ្លាញម៉ូតូយ៉ាងដំណំ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ ពិនិត្យវីដេអូកាំមេរ៉ាសុវត្តិភាព រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបអាចរកឃើញជនសង្ស័យទាំងពីរនាក់។ ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពវ៉ៃបំផ្លាញម៉ូតូដោយសារមានទំនាស់គ្នាពីមុន។

សមត្ថកិច្ចបានសហការជាមួយផ្នែកគ្រឿងញៀន ហើយការតេស្តសារធាតុញៀនរបស់ជនសង្ស័យទាំងពីរបានបង្ហាញលទ្ធផលវិជ្ជមាន។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់រួមជាមួយវត្ថុតាងត្រូវបានសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមច្បាប់។


