ខេត្តកំពង់ឆ្នាំង៖ នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានកើតហេតុត្រីងាប់ជាច្រើននៅតាមដងអូរឬស្សី ក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ដោយសារមានសារធាតុពុលទឹកហូរចូលក្នុងអូរ។

លោក សូត្រ សង់ អភិបាលស្រុកទឹកផុស បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ។ រដ្ឋបាលស្រុកបានជម្រាបជូនប្រជាពលរដ្ឋដែលមានទីលំនៅជាប់អូរ និងប្រើប្រាស់ទឹកអូរក្នុងភូមិតានៃ ភូមិស្រែរបង ភូមិព្រៃតាំងធ្នង់ និងភូមិបឹងស្ទង ក្នុងឃុំជៀប និងភូមិក្រោយវត្ត ភូមិត្រពាំងក្របៅក្នុងឃុំខ្លុងពពក សូមផ្អាកការប្រើប្រាស់ទឹក និងការពារសត្វចិញ្ចឹមដូចជាគោ ក្របី ជ្រូក មាន់ទា កុំឱ្យចូលផឹកទឹកក្នុងអូរនោះមួយរយៈពេលសិន។

រដ្ឋបាលស្រុកនិងក្រុមការងារបាននិងកំពុងយកទឹកនោះទៅពិសោធន៍រកសារធាតុពុល។ សង្ឃឹមថា ប្រជាពលរដ្ឋនឹងជ្រាបជាព័ត៌មានហើយនិងសហការដើម្បីបញ្ចៀសពីគ្រោះថ្នាក់នេះ ដល់អាយុជីវិតមនុស្សសត្វផងដែរ។

បច្ចុប្បន្ន ការស៊ើបអង្កេតនៅតែបន្ត ដើម្បីស្វែងរកប្រភពនៃសារធាតុពុលដែលបានធ្វើឱ្យត្រីងាប់រាប់ពាន់ក្បាលក្នុងអូរឬស្សីនេះ។
