អតីតជាប់ពន្ធនាគារសារជាថ្មី គម្រាមសម្លាប់ជីតា-ម្តាយមីង ដោយសារគ្រឿងញៀន

អតីតជាប់ពន្ធនាគារសារជាថ្មី គម្រាមសម្លាប់ជីតា-ម្តាយមីង ដោយសារគ្រឿងញៀន

ខេត្តកណ្តាល – បុរសម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារពីបទធ្វើឱ្យខូចខាតដោយចេតនា បានត្រឡប់មកគម្រាមសម្លាប់ជីតា និងម្តាយមីងរបស់ខ្លួន បន្ទាប់ពីមិនទទួលបានលុយពីពួកគាត់ ដោយសារឥទ្ធិពលគ្រឿងញៀន។

ជនសង្ស័យត្រូវបានឃាត់ខ្លួន

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០:២០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឈីម ទី អាយុ ២៧ឆ្នាំ ជាអ្នកប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងមានប្រវត្តិជាប់ពន្ធនាគារមួយលើកពីមុន។

ជនរងគ្រោះគឺអ្នកស្រី ច្រាយ ច្រាង អាយុ ៥៥ឆ្នាំ ដែលជាម្តាយមីងបង្កើតរបស់ជនសង្ស័យ។ នៅពេលកើតហេតុ អ្នកស្រីកំពុងដាំបាយនៅផ្ទះ ជនសង្ស័យបានចូលមកសុំលុយ តែពេលមិនទទួលបានលុយ ក៏បានទៅសុំលុយពីជីតាទៀត។

កន្លែងកើតហេតុ

“នៅពេលទាំងពីរនាក់មិនមានលុយឱ្យ ជនសង្ស័យក៏ខឹងសម្បាយ៉ាងខ្លាំង ទាញយកឥដ្ឋការ៉ូឡា ២ដុំ និងឥដ្ឋប្រហោង ១ចំហៀង ហើយគម្រាមគប់ពួកគាត់ ថែមទាំងយករទេះរុញរបស់ជីតាបោកចោលទៀត” នេះបើតាមសមត្ថកិច្ច។

ជនសង្ស័យបានស្រែកគំរាមថានឹងកាប់សម្លាប់ជនរងគ្រោះ និងដុតផ្ទះចោល។ ដោយទ្រាំមិនបាន អ្នកស្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល ដែលបានចាត់វិធានការឃាត់ខ្លួនជនសង្ស័យភ្លាម។

សមត្ថកិច្ចធ្វើការស៊ើបអង្កេត

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានទទួលសារភាពទាំងស្រុងថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

សមត្ថកិច្ចបានចាប់យកវត្ថុតាងគឺឥដ្ឋការ៉ូឡា ២ដុំ និងឥដ្ឋប្រហោង ១ចំហៀង ដែលត្រូវបានប្រើប្រាស់ក្នុងការគម្រាមគប់ជនរងគ្រោះ។

administrator

Related Articles