កូនប្រសាត្រាំចរចាជម្លោះរុស្ស៊ី-អ៊ុយក្រែន ខណៈរដ្ឋមន្ត្រីការបរទេសអវត្តមាន

កូនប្រសាត្រាំចរចាជម្លោះរុស្ស៊ី-អ៊ុយក្រែន ខណៈរដ្ឋមន្ត្រីការបរទេសអវត្តមាន

មន្ត្រីអាមេរិកមួយចំនួនបានសម្តែងការសង្ស័យ នៅពេលដែលលោក Jared Kushner កូនប្រសារបស់ប្រធានាធិបតី ដូណាល់ ត្រាំ មានវត្តមាននៅក្នុងគណៈប្រតិភូទៅកាន់ប្រទេសរុស្ស៊ី ជាមួយ​បេសកជន​អាមេរិក​ Steve Witkoff ខណៈដែលរដ្ឋមន្ត្រីការបរទេស Marco Rubio ជាមនុស្សសំខាន់នៅក្នុងជំនួបបែរជាអវត្តមានទៅវិញ។

កិច្ចចរចារុស្ស៊ី-អាមេរិក

នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម X កាលពីយប់ថ្ងៃទី១ខែធ្នូ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសរុស្ស៊ី លោក Michael McFaul បានសួរថា «ហេតុអ្វីបានជាកូនប្រសារបស់ប្រធានាធិបតីត្រាំ គឺលោក Kushner ដែលមិនមានតួនាទីអ្វីសោះនៅក្នុងរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសរុស្ស៊ី ជាមួយបេសកជនពិសេស Steve Witkoff ជំនួសឲ្យរដ្ឋមន្ត្រីការបរទេស Rubio»?

លោក McFaul បានសរសេរបញ្ចាក់បន្ថែមទៀតថា «តើមានអ្នកណាអាចពន្យល់ខ្ញុំបានទេថា ហេតុអ្វីបានជាបេសកជនពិសេស Witkoff និងកូនប្រសាប្រធានាធិបតីអាមេរិក ចូលរួមក្នុងការចរចាជម្លោះរុស្ស៊ី-អ៊ុយក្រែន ខណៈដែលរដ្ឋមន្ត្រីការបរទេសរបស់យើង អាចសន្ទនាជាមួយរដ្ឋាភិបាលកៀវតែប៉ុណ្ណោះ»។

យោងតាមអតីតឯកអគ្គរដ្ឋទូត McFaul លោក Rubio ដែលបម្រើការជារដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សាសន្តិសុខជាតិក្នុងរដ្ឋបាលលោកត្រាំ គឺជាចំណុចកណ្តាលនៃការពិភាក្សាជាមួយគណៈប្រតិភូអ៊ុយក្រែនកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា នៅរដ្ឋ Florida សហរដ្ឋអាមេរិក។ នៅពេលនោះ លោក Rubio បានអង្គុយនៅចន្លោះបេសកជនពិសេស Witkoff និងលោក Kushner។

ទោះជាយ៉ាងណាក៏ដោយ កាសែត The Guardian បានអត្ថាធិប្បាយថា រដ្ឋមន្ត្រីការបរទេស Rubio មិនបានចូលរួមក្នុងគណៈប្រតិភូអាមេរិកទៅកាន់ប្រទេសរុស្ស៊ីនៅពេលនេះ ដោយសារតែលោកត្រូវបានហាមឃាត់មិនឲ្យចូលទឹកដីរុស្ស៊ី ចាប់តាំងពីឆ្នាំមុន បន្ទាប់ពីទីក្រុងមូស្គូបានបន្ថែមឈ្មោះរបស់លោក និងភរិយាទៅក្នុងបញ្ជីពលរដ្ឋអាមេរិក ដែលទទួលរងទណ្ឌកម្មដោយរដ្ឋាភិបាលរុស្ស៊ី។

ក្រៅពីលោក Rubio អ្នកនយោបាយអាមេរិកមួយចំនួនទៀតដូចជា អតីតប្រធានាធិបតី Barack Obama អតីតទីប្រឹក្សាសន្តិសុខជាតិ John Bolton និងអតីតសមាជិកសភា Marjorie Taylor Greene ក៏ស្ថិតនៅក្នុងបញ្ជីខ្មៅ របស់រុស្ស៊ីផងដែរ។

ដោយឡែក កិច្ច​ចរចា​ដែលធ្វើឡើងនៅ​ទីក្រុង​មូស្គូ​ រវាង​ប្រធានាធិបតី​រុស្ស៊ី​ វ្ល៉ាឌីមៀរ ពូទីន និង​បេសកជន​អាមេរិក​លោក Steve Witkoff និង​កូនប្រសាត្រាំបាន​បញ្ចប់​ជាស្ថាពរហើយ បន្ទាប់ពី​ជជែក​គ្នា​អស់​រយៈពេល​​៥​ម៉ោង​​ កាល​ពី​ថ្ងៃ​អង្គារ​ទី​២ ​ខែ​ធ្នូ​ឆ្នាំ​២០២៥ ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​លើ​ផែនការ​សន្តិភាព​អ៊ុយក្រែន​នោះ​ទេ។ នេះ​បើ​តាមការលើកឡើងពី​វិមាន​ក្រឹមឡាំងផ្ទាល់តែម្ដង៕

កិច្ចប្រជុំរុស្ស៊ី-អាមេរិក

លោកពូទីន និងជំនួយការ ចូលរួមកិច្ចប្រជុំជាមួយបេសកជនអាមេរិកថ្ងៃទី២ធ្នូ២០២៥ (រូបថត៖Sputnik)

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles