ថៃបង្ខំអ្នកជួញមាសរាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីត្រួតពិនិត្យតម្លៃប្រាក់បាត

ថៃបង្ខំអ្នកជួញមាសរាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីត្រួតពិនិត្យតម្លៃប្រាក់បាត

ធនាគារកណ្ដាលថៃបានចេញសេចក្តីណែនាំថ្មី ដែលតម្រូវឱ្យអ្នកជួញដូរមាសទាំងអស់ត្រូវរាយការណ៍ពីប្រតិបត្តិការប្រចាំថ្ងៃ ទាំងតាមរយៈឯកសាររឹង និងតាមប្រព័ន្ធឌីជីថល។ ការចេញសេចក្តីណែនាំនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យសកម្មភាពជួញដូរមាស ដែលអាចជះឥទ្ធិពលលើទំនោរតម្លៃប្រាក់បាត។

ធនាគារកណ្ដាលថៃ

លោកស្រី Chayawadee Chai-anant អនុប្រធានធនាគារកណ្តាលទទួលបន្ទុកទំនាក់ទំនងសាជីវកម្ម បានបញ្ជាក់ថា៖ «យើងកំពុងពិភាក្សាជាមួយពាណិជ្ជករមាស និងភាគីពាក់ព័ន្ធផ្សេងទៀតលើតម្រូវការរបាយការណ៍នេះ។ ការតម្រូវនេះនឹងត្រូវកំណត់ដោយផ្អែកលើកម្រិតចំណូលរបស់ហាងមាសមួយៗ ដែលមានន័យថាវាមិនអនុវត្តលើអ្នកជួញដូរមាសទាំងអស់នោះទេ»។

នៅក្នុងប្រទេសថៃ តម្លៃមាស និងទំនោរតម្លៃប្រាក់បាតមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។ នៅពេលដែលតម្លៃមាសឡើងថ្លៃ ធនាគារកណ្ដាលត្រូវព្យាយាមបង្រ្កាបការឡើងថ្លៃនៃប្រាក់បាត ដែលអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចសំខាន់ៗ ជាពិសេសការនាំចេញ និងវិស័យទេសចរណ៍។

ការចេញសេចក្តីណែនាំថ្មីនេះត្រូវបានចុះផ្សាយក្រោយពីកាសែតបាងកកប៉ុស្តិ៍បានរកឃើញពីការពិភាក្សារវាងធនាគារកណ្ដាល និងវិស័យជួញដូរមាស។ ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ថៃក្នុងការគ្រប់គ្រងអតិផរណា និងការពារស្ថិរភាពសេដ្ឋកិច្ច។

administrator

Related Articles