ន័រវេស កោតសរសើរកម្ពុជា ជាតួអង្គសំខាន់ក្នុងអនុសញ្ញាអូតាវ៉ា

ន័រវេស កោតសរសើរកម្ពុជា ជាតួអង្គសំខាន់ក្នុងអនុសញ្ញាអូតាវ៉ា

កិច្ចប្រជុំអន្តរជាតិ

ហ្សឺណែវ ប្រទេសស្វីស៖ ក្នុងជំនួបទ្វេភាគីនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានជួបពិភាក្សាជាមួយលោកស្រី Anne Karine Jahren ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយមនុស្សធម៌នៃក្រសួងការបរទេសន័រវេស។

ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនន័រវេស សម្រាប់ការគាំទ្រសកម្មភាពមីននៅកម្ពុជា ជាពិសេសការជួយដល់ការស្រេចបានខេត្តកែប ដែលជាខេត្តដំបូងប្រកាសអស់មីន។ ឯកឧត្តមបានចាត់ទុកប្រទេសន័រវេស និងអង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) ជាមិត្តពិតប្រាកដ និងជាដៃគូយូរអង្វែងរបស់កម្ពុជា។

សកម្មភាពមីន

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បញ្ជាក់ថា ក្រៅពីសមិទ្ធផលក្នុងប្រទេស កម្ពុជាក៏បានចូលរួមចំណែកក្នុងសកម្មភាពមីនសាកល តាមរយៈការចែករំលែកបទពិសោធន៍ និងជំនាញទៅកាន់ប្រទេសរងគ្រោះផ្សេងទៀត ជាក់ស្តែងមានកូឡុំប៊ី និងអ៊ុយក្រែន។ ឯកឧត្តមបានស្នើសុំឱ្យប្រទេសន័រវេសគាំទ្រកម្ពុជា ដើម្បីបង្កើនលទ្ធភាពចែករំលែក និងជួយដល់ប្រទេសមានតម្រូវការចាំបាច់។

ឯកឧត្តមបន្តថា ក្រោយពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាង៣០ឆ្នាំ កម្ពុជាបានត្រៀមដាក់ចេញនូវគោលនយោបាយជាតិសកម្មភាពមីន២០២៦-២០៣៥ ហើយកម្ពុជាប្តេជ្ញាអនុវត្តន៍ឱ្យសម្រេចបាននូវគោលដៅស្របតាមផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩។

លោកស្រី Anne Karine Jahren បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងសកម្មភាពមីន។ ន័រវេស ជាប្រទេសផ្តល់ជំនួយមែនពិត តែជោគជ័យសំខាន់ គឺដោយសារភាពជាម្ចាស់របស់កម្ពុជា ក្នុងនោះដែរ កម្ពុជាមានប្រព័ន្ធគ្រប់គ្រង និងសម្របសម្រួលសកម្មភាពមីនដ៏រឹងមាំ។ លោកស្រីបន្តទៀតថា កម្ពុជា គឺជាអ្នកត្រួសត្រាយផ្លូវមួយដ៏សំខាន់ក្នុងគោលនយោបាយសកម្មភាពមីន ហើយតាមរយៈបទពិសោធន៍ និងសមិទ្ធផលសកម្មភាពមីនកម្ពុជា កម្ពុជាគឺជាតួអង្គមួយដ៏សំខាន់មួយសម្រាប់អនុសញ្ញាអូតាវ៉ា។

administrator

Related Articles