ភ្នំពេញ៖ យោងតាមក្រសួងព័ត៌មាន កាលពីថ្ងៃចន្ទទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយថៃ ទាំង៧៧ភូមិ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ឲ្យប្រុងប្រយ័ត្នខ្ពស់បំផុតនឹងគ្រាប់បែកចង្កោមជាសំណល់សង្គ្រាមថ្មីៗនេះ។

កាលពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអង្គភាពស៊ីម៉ាក់បានបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមកាលពីថ្ងៃ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយបានរុករកឃើញគ្រាប់បែកចង្កោមចំនួន២៥គ្រាប់ ប្រភេទ M46 ដែលបាញ់ចេញពីគ្រាប់កាំភ្លើងធំ១៥៥មម។

យោងតាមបណ្តាញសង្គម កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា គ្រាប់បែកចង្កោម ក្រៅពីអនុសញ្ញាអន្តរជាតិហាមឃាត់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ មានអនុសញ្ញាអន្តរជាតិសំខាន់ៗចំនួន៣ទៀតត្រូវបានអន្តរជាតិរួមគ្នាហាមឃាត់ និងរឹតបន្តឹងហាមប្រើប្រាស់ក្នុងការធ្វើសង្គ្រាម។

អនុសញ្ញាទាំងនោះមាន៖ ១. អនុសញ្ញាអន្តរជាតិហាមប្រាមការប្រើប្រាស់អាវុធគីមី (កម្ពុជា+ថៃជារដ្ឋភាគី) ២. អនុសញ្ញាអន្តរជាតិហាមប្រាមការប្រើប្រាស់គ្រាប់បែកចង្កោម (កម្ពុជា+ថៃមិនមែនជារដ្ឋភាគី ប៉ុន្តែកម្ពុជាមិនបានប្រើប្រាស់ក្នុងសង្គ្រាមជាមួយថៃឡើយ រីឯថៃបានប្រើប្រាស់មកលើកម្ពុជា) ៣. អនុសញ្ញាអន្តរជាតិហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស (កម្ពុជា+ថៃជារដ្ឋភាគី)។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហេង រតនា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយថៃ ទាំង៧៧ភូមិ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ឲ្យប្រុងប្រយ័ត្នខ្ពស់បំផុតនឹងគ្រាប់បែកចង្កោមជាសំណល់សង្គ្រាមថ្មីៗនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ មានកុមារាអាយុ១០ឆ្នាំម្នាក់ បានផ្ទុះគ្រាប់បែកចង្កោមបែបនេះស្លាប់ និងឪពុករងរបួសធ្ងន់ធ្ងរ។
ប្រភព៖ ក្រសួងព័ត៌មាន
