
កងទ័ពអាមេរិកបានធ្វើការវាយប្រហារម្តងទៀតទៅលើទូកសង្ស័យជួញដូរគ្រឿងញៀន នៅក្នុងដែនទឹកអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយបានសម្លាប់មនុស្ស៤នាក់។
បញ្ជាការដ្ឋានភាគខាងត្បូងអាមេរិកបានប្រកាសថា ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ក្រុមការងាររួម Southern Spear បានធ្វើការវាយប្រហារយ៉ាងគ្រោះថ្នាក់ទៅលើទូកដែលកំពុងដំណើរការដោយអង្គការភេរវករដែលត្រូវបានកំណត់។
ព័ត៌មានសម្ងាត់បង្ហាញថា ទូកនេះកំពុងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់តាមបណ្តោយច្រករបៀងជួញដូរនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងកើត។ បុរសទាំង៤នាក់នៅលើទូក ដែលត្រូវបានពិពណ៌នាថាជា«អ្នកភេរវករគ្រឿងញៀន» ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។
ប្រតិបត្តិការនេះបាននាំឲ្យចំនួនអ្នកស្លាប់សរុបពីការវាយប្រហារតាមសមុទ្ររបស់អាមេរិកកើនឡើងដល់ ៨៦នាក់។
ទីក្រុងវ៉ាស៊ីនតោនកំពុងដាក់ពង្រាយទាហានប្រហែល១៥០០០នាក់ និងនាវាចម្បាំងច្រើនជាង១២គ្រឿង ទៅកាន់តំបន់ការ៉ាប៊ីនក្បែរប្រទេសវ៉េណេស៊ុយអេឡា ក្រោម«ប្រតិបត្តិការ Southern Spear» ក្នុងគោលបំណងកម្ចាត់ក្រុមជួញដូរគ្រឿងញៀន។
ប្រទេសវ៉េណេស៊ុយអេឡាបានច្រានចោលការចោទប្រកាន់ការជួញដូរគ្រឿងញៀនថាជារឿងនយោបាយ ដោយលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ អះអាងថា ឥរិយាបថយោធានេះត្រូវបានរៀបចំឡើងដើម្បីបង្កអស្ថិរភាព និងចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក។
កាលពីដើមខែសីហាកន្លងទៅ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថាផ្តល់រង្វាន់ទ្វេដងឡើងដល់៥០លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន ឬការកាត់ទោសលោកម៉ាឌូរ៉ូ ដែលត្រូវចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននៅអាមេរិក។
