ខឹងមិនព្រមសម្រាកក្រោមដើមស្វាយ បុរសយកញញួរវាយជនរងគ្រោះ រួចវាយក្បាលខ្លួនឯង

ខឹងមិនព្រមសម្រាកក្រោមដើមស្វាយ បុរសយកញញួរវាយជនរងគ្រោះ រួចវាយក្បាលខ្លួនឯង

ខេត្តកណ្ដាល៖ ហេតុការណ៍គួរឱ្យស្ញាញចិត្តមួយបានកើតឡើងនៅស្រុកកៀនស្វាយ នៅពេលដែលបុរសម្នាក់ដែលមានប្រវត្តិប្រើគ្រឿងញៀន បានវាយជនរងគ្រោះដោយញញួរ បន្ទាប់ពីមិនព្រមទៅសម្រាកក្រោមដើមស្វាយតាមការណែនាំរបស់ម្ចាស់ផ្ទះ។

ញញួរដែលបានប្រើក្នុងការវាយជនរងគ្រោះ

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១:២៥ រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ១ ភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

យោងតាមព័ត៌មានពីលោក វរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ជនដៃដល់ឈ្មោះ ស៊ុយ ចែត អាយុ២៨ឆ្នាំ មុខរបរជាងធ្វើពិតាន មានស្រុកកំណើតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ទីកន្លែងកើតហេតុ

ជនរងគ្រោះឈ្មោះ ស៊ូ ពន្លឺ អាយុ២៨ឆ្នាំ ជាជាងជួសជុលម៉ូតូ បានរៀបរាប់ថា មុនពេលកើតហេតុ គាត់កំពុងអង្គុយលាងម៉ូតូនៅតូបជួសជុលម៉ូតូ។ ជនដៃដល់បានជិះម៉ូតូពីអ្នកលឿងទៅភ្នំពេញ ហើយបានឈប់សុំកន្លែងជួសជុលម៉ូតូដើម្បីសម្រាកមួយសន្ទុះ។

“ម្ចាស់ផ្ទះបានប្រាប់ឱ្យទៅសម្រាកនៅក្រោមដើមស្វាយ ក្បែរកន្លែងជួសជុលម៉ូតូ តែជនដៃដល់មិនព្រមទៅទេ។ ភ្លាមនោះ ជនដៃដល់ខឹងក៏ចុះពីលើម៉ូតូ ដើរទៅយកញញួរមកវាយខ្ញុំចំក្បាលខាងក្រោយផ្នែកខាងឆ្វេង ២ញញួរ បណ្តាលឱ្យរបួស។ បន្ទាប់មកគាត់យកញញួរវាយក្បាលខ្លួនឯងជាច្រើនញញួរ ត្រូវចំពាក់កណ្តាលក្បាល” ជនរងគ្រោះបានរៀបរាប់។

ម៉ូតូរបស់ជនដៃដល់

នៅពេលឃើញដូចនេះ បុរសឈ្មោះ រស់ សុខណា និងអ្នកជិតខាងបានជួយចាប់ឃាត់ជនដៃដល់ ប្រគល់ឱ្យនគរបាលប៉ុស្តិ៍សំរោងធំ និងដាក់ពាក្យបណ្តឹង។

នៅចំពោះមុខនគរបាល ជនដៃដល់បានឆ្លើយថា ខ្លួនពិតជាបានយកញញួរវាយជនរងគ្រោះមែន ព្រោះតែខឹងឱ្យខ្លួនទៅដេកនៅក្រោមដើមស្វាយ។

កន្លែងជួសជុលម៉ូតូ

សមត្ថកិច្ចបានដកហូតញញួរ១ទម្ងន់១គីឡូក្រាម និងម៉ូតូ១គ្រឿងម៉ាកយ៉ាម៉ាហា ពណ៌ទឹកប៊ិក ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ ១KB-៩០៤៥។ ជននេះធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល១ឆ្នាំ និងធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+)។

សមត្ថកិច្ចកំពុងស៊ើបអង្កេត

ជនរងគ្រោះបានរងរបួសក្បាលផ្នែកខាងក្រោយដេរ៣ថ្នេរ រីឯជនដៃដល់ក៏ត្រូវដេរ៥ថ្នេរដែរ។ ក្រោយពីសាកសួររួច នគរបាលប៉ុស្ដិ៍សំរោងធំបានបញ្ជូនជនដៃដល់ និងវត្ថុតាងទៅអធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។

អត្ថបទសរសេរដោយ អែល មេសា | កែសម្រួលដោយ ស្រីណា

administrator

Related Articles