ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចកំពុងចុះពិនិត្យយ៉ាងតឹងរឹងលើក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បន្ទាប់ពីមានករណីត្រីនិងគោរបស់ប្រជាពលរដ្ឋងាប់ជាច្រើនក្បាលនៅតំបន់អូរឬស្សីក្នុងស្រុកទឹកផុស។

ការចុះពិនិត្យនេះធ្វើឡើងក្រោយពីរដ្ឋបាលខេត្តកំពង់ឆ្នាំងរាយការណ៍ពីគ្រោះថ្នាក់បរិស្ថានធ្ងន់ធ្ងរនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងបរិស្ថានបានបញ្ជូនមន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុនដែលស្ថិតនៅឃុំខ្លុងពពក, ឃុំជៀប, ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស។
ក្រុមការងារបានរកឃើញថា អូរឬស្សីដែលជាអូរធម្មជាតិមួយភ្ជាប់ទៅស្ទឹងជៀប បានទទួលរងការបំពុលធ្ងន់ធ្ងរ ដែលបណ្តាលឱ្យត្រីនិងសត្វគោរបស់ប្រជាពលរដ្ឋងាប់ចំនួន៤ក្បាល។ ក្រុមពិសេសបានធ្វើការវិភាគទឹកបឋមលើសំណាកទឹក និងសំណាកត្រីងាប់ ដោយមានការគាំទ្រពីអភិបាលខេត្ត ក្រសួងរ៉ែ និងថាមពល និងមន្ទីរបរិស្ថានខេត្ត។

ក្រុមការងារបានបន្តបំពេញភារកិច្ចរហូតដល់យប់ ដើម្បីត្រួតពិនិត្យស្ថានភាពគុណភាពទឹកនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ដែលជាខ្សែទឹកខាងក្រោមទីតាំងក្រុមហ៊ុន។ ពួកគេបានឃើញត្រីកំពុងពុលប្រកាច់មួយចំនួន ហើយបានយកសំណាកទៅវិភាគបន្ថែម។
រដ្ឋបាលស្រុកទឹកផុសបានជូនដំណឹងដល់សាធារណជននៅវេលាល្ងាចថ្ងៃទី០៣ ខែធ្នូ អំពីករណីត្រីងាប់ជាច្រើនក្នុងតំបន់«អូរឬស្សី»។ ក្រសួងបរិស្ថានបានចាត់វិធានការភ្លាមៗ និងបញ្ជូនមន្រ្តីជំនាញចុះពិនិត្យដើម្បីរកប្រភពបំពុល។

ក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តកំពង់ឆ្នាំងបានដាស់តឿនព្រមានប្រជាពលរដ្ឋដែលមានទីលំនៅជាប់អូរ៖ កុំទាន់ប្រើប្រាស់ទឹកអូរ និងការពារសត្វចិញ្ចឹមដូចជាគោ ក្របីកុំឱ្យចូលផឹកទឹកក្នុងអូរនោះមួយរយៈពេលសិន។
ក្រសួងបរិស្ថានបានបញ្ជាក់ថា នឹងចាត់វិធានការច្បាប់តឹងរឹងស្របតាមក្រមបរិស្ថាន និងបទដ្ឋានគតិយុត្តជាធរមាន ចំពោះករណីរកឃើញប្រភពបំពុលពីក្រុមហ៊ុន រោងចក្រ ឬសហគ្រាសណាមួយដែលបង្កឱ្យមានការបំពុលបរិស្ថាន និងប៉ះពាល់ដល់ជីវចម្រុះ។
