(ការ៉ាកាស)៖ យន្តហោះដែលចេញពីសហរដ្ឋអាមេរិក ដែលដឹកជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡាចំនួន ២៦៦នាក់ បានចុះចតនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាហើយ កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ ២០២៥។

យន្តហោះដែលជាជើងហោះហើរ Eastern Air Lines ពីទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក ត្រូវបានអនុញ្ញាតសម្រាប់ការចុះចតនៅទីក្រុង Maiquetia ក្បែររដ្ឋធានី Caracas របស់វ៉េណេស៊ុយអេឡា បន្ទាប់ពីដំណើរការត្រូវផ្អាកមួយរយៈ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។
តាមការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil ប្រាប់អ្នកយកព័ត៌មាននៅឯអាកាសយានដ្ឋាន ចាប់តាំងពីដើមឆ្នាំ ២០២៥មក យ៉ាងហោចណាស់ជនជាតិវ៉េណេស៊ុយអេឡាចំនួន ១៨,៣៥៤នាក់ បានមកដល់ប្រទេសវិញ តាមជើងហោះហើរចំនួន ៩៥ ដែលក្នុងនោះ ៧៦នាក់មកពីសហរដ្ឋអាមេរិកដោយផ្ទាល់។
ការធ្វើដំណើរត្រឡប់មកវិញនេះ កើតឡើងក្នុងពេលដែលទំនាក់ទំនងរវាងវ៉េណេស៊ុយអេឡា និងសហរដ្ឋអាមេរិក កំពុងមានភាពតានតឹងខ្លាំង ដោយសារតែវិវាទផ្សេងៗទាក់ទងនឹងគោលនយោបាយ និងការអនុវត្តច្បាប់។
អាជ្ញាធរអាមេរិកបានបញ្ជាក់ថា ការបញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ទៅប្រទេសកំណើតវិញនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រគ្រប់គ្រងព្រំដែន និងការអនុវត្តច្បាប់អន្តោប្រវេសន៍របស់ពួកគេ។
