ជ្រោយហ្គាហ្សា៖ ក្នុងភាពអស្ចារ្យនៃក្តីសង្ឃឹម គូស្នេហ៍៥៤គូបានរៀបការរួមគ្នានៅថ្ងៃទី២ ធ្នូ ក្នុងទីក្រុងខាន់យូនេស ភាគខាងត្បូងជ្រោយហ្គាហ្សា ដែលជាកន្លែងដែលគំនរបាក់បែកពាសពេញដោយសារសង្គ្រាមជិត២ឆ្នាំ។

ពិធីរៀបការជាសមូហភាពនេះបាននាំមកនូវក្តីរីករាយទៅក្នុងទីក្រុងដែលរងការបំផ្លាញខ្ទេចខ្ទីដោយសង្គ្រាម។ យុវជនម្នាក់ក្នុងចំណោមយុវជនដែលរៀបការបាននិយាយថា៖ “យើងត្រូវការអ្វីមួយដែលជាសេចក្តីត្រូវការរបស់យើង នោះជាការរៀបការ ដែលបង្ហាញថាទឹកចិត្តរបស់យើងនៅរស់ជានិច្ច។”

ក្នុងពិធីរៀបការនេះមានការទះស្គរ និងតន្ត្រី ពេលហែកូនកម្លោះកូនក្រមុំទៅកាន់កន្លែងប្រារព្ធពិធី។ ពិធីនោះរៀបចំនៅទីលានមួយស្ថិតនៅកណ្តាលបណ្តាអគារដែលមួយចំនួនបាក់បែកពាក់កណ្តាល និងអគារដទៃៗទៀតរងការបំផ្លាញទាំងស្រុង។

ពិធីរៀបការជាសមូហភាពនេះមានមនុស្សចូលរួមច្រើនរយនាក់។ បណ្តានារីជាកូនក្រមុំស្លៀកពាក់រ៉ូបពណ៌ស តុបតែងលម្អដោយក្រណាត់ពណ៌ក្រហម ដោយឱបនឹងទ្រូងបាច់ផ្កាពណ៌ទងជាតិប៉ាឡេស្ទីន ក្រហម ស និងខៀវ។ ចំណែកពួកកូនកម្លោះកាន់ទង់ជាតិប៉ាឡេស្ទីនតូចៗ។
ពិធីរៀបការបែបនេះអាចធ្វើទៅបាន ដោយសារកិច្ចព្រមព្រៀងឈប់បាញ់គ្នា ដែលចូលជាធរមានពីថ្ងៃទី១០ តុលា មក។
អត្ថបទសរសេរដោយ ខាន់ សុខឃន
កែសម្រួលដោយ ស្រីណា
