ទីក្រុងវ៉ាស៊ីនតោន – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខអះអាងកាលពីថ្ងៃពុធទី៣ធ្នូថា ផ្លូវឆ្ពោះទៅរកការចរចាសន្តិភាពអ៊ុយក្រែននៅស្រពេចស្រពិលដដែល ទោះបីមានការពិភាក្សាយូរជាច្រើនម៉ោងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីនក៏ដោយ។

គណៈប្រតិភូរុស្ស៊ី ដឹកនាំដោយពូទីន ក្នុងកិច្ចប្រជុំជាមួយបេសកជនអាមេរិកថ្ងៃទី២ធ្នូ២០២៥ (រូបថត៖ Sputnik)
វិមានក្រឹមឡាំងបានបញ្ជាក់ថា លោកពូទីនបានទទួលយកផ្នែកខ្លះនៃសំណើថ្មីអាមេរិក ដែលមានគោលបំណងបញ្ចប់សង្គ្រាមជិតបួនឆ្នាំ ខណៈបានច្រានចោលផ្នែកផ្សេងទៀត ហើយត្រៀមខ្លួនបន្តការចរចា។
បេសកជនពិសេសអាមេរិក លោក Steve Witkoff និងទីប្រឹក្សាជាន់ខ្ពស់ លោក Jared Kushner បានចំណាយពេលជាច្រើនម៉ោងក្នុងការចរចានៅវិមានក្រឹមឡាំង ដោយគ្មានការបំបែករបាំងឧបសគ្គធំៗ។ លោកត្រាំបានប្រាប់អ្នកសារព័ត៌មានថា ពួកគេបានរាយការណ៍ជូនលោកតាមទូរសព្ទ និងបានបញ្ជាក់ថា លោកពូទីនពិតជា«ចង់ធ្វើកិច្ចព្រមព្រៀង» ប៉ុន្តែការរីកចម្រើននៅមិនទាន់ជាទីពេញចិត្ត។
លោកត្រាំបាននិយាយនៅការិយាល័យរាងពងក្រពើថា «អ្វីដែលចេញពីកិច្ចប្រជុំនោះ ខ្ញុំមិនអាចប្រាប់អ្នកបានទេ ព្រោះវាទាមទារឲ្យមានការចូលរួមពីភាគីទាំងពីរ» ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនមាន «អ្វីដែលបានដំណើរការយ៉ាងល្អរួចទៅហើយ» ជាមួយទីក្រុងកៀវ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលការលើកឡើងដែលថា លោកពូទីនបានបដិសេធផែនការអាមេរិកទាំងស្រុង។ លោកបានប្រាប់ថា «រឿងខ្លះត្រូវបានទទួលយក រឿងខ្លះត្រូវបានសម្គាល់ថាមិនអាចទទួលយកបាន។ នេះគឺជាដំណើរការការងារធម្មតាក្នុងការស្វែងរកការសម្របសម្រួល»។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានរៀបរាប់ថា ក្រុមរបស់លោកកំពុងត្រៀមខ្លួនសម្រាប់ការពិភាក្សាបន្ថែមទៀតនៅសហរដ្ឋអាមេរិក ហើយបានទទូចថា ផលប្រយោជន៍របស់ទីក្រុងកៀវត្រូវតែជាមូលដ្ឋានគ្រឹះនៃដំណោះស្រាយ។
ការទូតដែលបានពន្លឿននេះកើតឡើងនៅពេលដ៏លំបាកសម្រាប់អ៊ុយក្រែន ដែលកំពុងចាញ់ទឹកដីនៅជួរមុខភាគខាងកើត ហើយកំពុងប្រឈមនឹងរឿងអាស្រូវអំពើពុករលួយដ៏ធំបំផុត។
សំណើព្រាងចំនួន២៨ចំណុចរបស់សហរដ្ឋអាមេរិកដែលបានលេចធ្លាយនៅខែវិច្ឆិកា បានធ្វើឲ្យមន្ត្រីនៅទីក្រុងកៀវនិងរដ្ឋធានីអឺរ៉ុបមួយចំនួនមានការភ្ញាក់ផ្អើល ដោយពួកគេអះអាងថា សំណើទាំងនោះផ្ដល់ផលប្រយោជន៍ច្រើនជ្រុលសម្រាប់ទីក្រុងមូស្គូ។
