ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅថ្ងៃទី៥ ធ្នូ ២០២៥ ថា កម្ពុជា និងស៊ុយអែត បានបង្ហាញឆន្ទៈរួមគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន ៦ និងបានពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ រួមទាំងបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។

ការលើកឡើងនេះ បានធ្វើឡើងក្រោយពីជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Anna Hammargren ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅបាងកក កាលពីថ្ងៃទី៤ ធ្នូ នៅទីស្តីការក្រសួងការបរទេស។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅ និងបានកំណត់កាលានុវត្តភាពដើម្បីឈានទៅពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖
១. វិស័យពាណិជ្ជកម្ម និងការវិនិយោគ
២. វិស័យបរិស្ថាន
៣. ការអភិវឌ្ឍធនធានមនុស្ស
៤. វិសស័យទេសចរណ៍
៥. ការបោសសំអាតមីន

ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី លោកស្រីរដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរាជទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីកង្វល់រួម។ អ្វីដែលគួរឱ្យកត់សម្គាល់ ភាគីទាំងពីរក៏បានលើកយកបញ្ហា «បច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ» មកពិភាក្សាផងដែរ ដើម្បីស្វែងយល់ពីស្ថានការណ៍ជាក់ស្តែង។
ជំនួបនេះបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ស៊ុយអែតក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងការយកចិត្តទុកដាក់លើស្ថិរភាពតំបន់។
ដោយ៖ តារា
