កម្លាំងយោធភូមិភាគ៥បង្ក្រាបរថយន្តដឹកលៀស២០តោនខុសច្បាប់នាំចេញទៅវៀតណាម

កម្លាំងយោធភូមិភាគ៥បង្ក្រាបរថយន្តដឹកលៀស២០តោនខុសច្បាប់នាំចេញទៅវៀតណាម

ខេត្តសៀមរាប៖ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តម សេនីយ៍ទោសេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ កម្លាំងយោធាបានបង្ក្រាបរថយន្តដឹកលៀស១គ្រឿងដែលមានទិសដៅឆ្ពោះទៅរាជធានីភ្នំពេញនិងបន្តចេញទៅក្រៅប្រទេស។

កម្លាំងយោធាបង្ក្រាបរថយន្តដឹកលៀស

លោកឧត្តមសេនីយ៍ទោមេបញ្ជាការរងបានឲ្យដឹងថាកម្លាំងយោធភូមិភាគទី៥ នៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៥នេះ បានចុះបង្ក្រាបរថយន្ត១គ្រឿងដែលកំពុងដឹកជញ្ជូនលៀសខុសច្បាប់ ដោយឈ្មួញនាំចេញពីខេត្តសៀមរាប ឆ្ពោះទៅភ្នំពេញ ហើយបន្តនាំទៅក្រៅប្រទេសបន្តទៀត។

យោងតាមមន្រ្តីយោធាដែលបានចុះបង្ក្រាបរថយន្ត១គ្រឿងនេះ បានបញ្ជាក់ថា តាមលិខិតអនុញ្ញាតរបស់មន្រ្តីជលផល គឺឲ្យដឹកលៀសទម្ងន់តែ៣តោនទេ តែឈ្មួញបានលួចដឹករហូតដល់២០តោន។

លៀសដែលត្រូវបានឃាត់

ក្រោយទទួលបានព័ត៌មាន និងសេចក្តីរាយការណ៍ភ្លាម កម្លាំងយោធាយោធភូមិភាគទី៥ ដែលឈរជើងនៅខេត្តសៀមរាប បានចេញប្រតិបត្តិការដេញឃាត់រថយន្តបាន តែអ្នកបើកបានបើកទ្វាររត់គេចខ្លួន។

យោងតាមលិខិតដឹកជញ្ជូនដែលចេញដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងលោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យឈ្មោះ អេង សាយ អាយុ២៥ឆ្នាំ រស់នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដឹកជញ្ជូនលៀសមានទម្ងន់ ៣០០០គីឡូក្រាម (៣តោន) ក្នុងតម្លៃ ៩០ម៉ឺនរៀល ដោយដឹកចេញពីភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ឆ្ពោះទៅរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តកណ្តាល។

ឯកសារដឹកជញ្ជូនលៀស

បើតាមមន្រ្តីយោធា ឈ្មួញដឹកលៀសនេះ ពេលមកដល់ភ្នំពេញ គឺបន្តទៅវៀតណាមតែម្តង។

ក្រោយការឃាត់បានរថយន្តជាមួយលៀសប្រមាណ២០តោន កម្លាំងយោធា នឹងបន្តនីតិវិធីប្រគល់ជូនរដ្ឋបាលជលផល ដើម្បីចាត់ការបន្តទៀត។

ការបង្ក្រាបរថយន្ត

ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ទោះបីកងទ័ពជាប់ដៃការពារបូរណៈភាពទឹកដី ពីការឈ្លានពានពីប្រទេសជិតខាងយ៉ាងណាក្តី តែដៃម្ខាងការពារទឹកដី និងដៃម្ខាងបន្តការពារធនធានធម្មជាតិ លើផ្ទៃបឹងទន្លេសាប ដោយបន្តបង្រ្កាបបទលើ្មសផ្សេងៗ ដូចជា ឆក់ក្តៅ ត្រជាក់ ដាក់របាំងស្បៃ លបបណរ៉ាវ ក្នុងតំបន់ព្រៃលិចទឹក និងការនេសាទដោយឧបករណ៍ខុសច្បាប់ជលផលផ្សេងៗទៀតជារៀងរាល់ថ្ងៃ ដោយពុំមានការលើកលែង និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីធានាបាននូវការការពារធនធានធម្មជាតិ ជីវចម្រុះ លើផ្ទៃបឹងទន្លេសាប ដែលជាប្រភពធនធានមច្ឆាជាតិ ក្នុងការរួមចំណែកជួយផ្គត់ផ្គង់នូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរមួយចំណែក និងផលប្រយោជន៍សេដ្ឋកិច្ចជាតិផងដែរ។

ការពារធនធានធម្មជាតិ

administrator

Related Articles