ខេត្តតាកែវ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញផែនការបំប្លែងសហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» ទៅជាតំបន់កសិ-ទេសចរណ៍ដ៏ទំនើបមួយ ដែលនឹងជាកន្លែងទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។

ផែនការនេះបានចាប់ផ្ដើមឡើងក្រោយពីកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីត្រី-វិស័យលើកទី៥ ស្ដីពីកសិកម្ម ទឹក ជនបទ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងទាំង៣ រួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ បានឯកភាពគាំទ្រថវិកាសម្រាប់អភិវឌ្ឍន៍តំបន់នេះ។

គម្រោងអភិវឌ្ឍទំនប់អូររំដួលនេះ នឹងទទួលបានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ផ្នែកហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍សម្រាប់ផ្នែកទេសចរណ៍។ នេះជាគម្រោងពហុវិស័យដែលនឹងផ្ដល់ផលប្រយោជន៍ដល់សហគមន៍ជនបទយ៉ាងពិតប្រាកដ។
ការអភិវឌ្ឍនេះមកដល់ក្រោយពីផ្ទះសំណាញ់បន្លែកើនឡើងដល់១០០ខ្នង អាចផ្គត់ផ្គង់បរិមាណភោគផលឡើងដល់៤តោនក្នុងមួយថ្ងៃ និងបន្ទាប់ពីការកែលម្អផ្លូវកសិកម្មបេតុង-កៅស៊ូប្រវែង៥,៥គីឡូម៉ែត្រ។
តំបន់កសិ-ទេសចរណ៍នេះនឹងផ្ដល់ឱកាសឱ្យភ្ញៀវទេសចរទស្សនាចំការដំណាំ ប្រមូលផលដំណាំជាមួយកសិករ ស្ទូចត្រី និងទស្សនាធម្មជាតិ ដោយនឹងបង្កើនប្រាក់ចំណូលឱ្យកសិករតាមរយៈលក់សំបុត្រចូលទស្សនា និងលក់ផលិតផលកសិកម្ម។
ប្រភព៖ ក្រសួងព័ត៌មាន
