ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកព្រិន្ទបាលឯករ័ត្ន វណ្ណៈ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅភូមិតាម៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកព្រិន្ទបាលឯករ័ត្ន វណ្ណៈ ជានាយក្រុម២ អនុសេនាធំលេខ២ កាំភ្លើងដេកាហ្សិត ៨២ វរសេនាតូចអន្តរាគមន៍លេខ២៦១ កងពលតូចអន្តរាគមន៍លេខ៦ ដែលបានពលីជីវិតកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្នុងជន្មាយុ ៤៤ឆ្នាំ ដោយពុលផ្សែងពុលទាហានសៀមឈ្លានពាននៅតំបន់ប្រសាទតាមាន់ធំ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិតបានចូលរួមរំលែកទុក្ខជាមួយលោកស្រី រស់ សុផាន់នី ព្រមទាំងក្រុមគ្រួសារ និងបានបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់លោកព្រិន្ទបាលឯករ័ត្ន វណ្ណៈ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ព្រឹត្តិការណ៍នេះបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់របស់មេដឹកនាំជាន់ខ្ពស់ចំពោះកងទ័ពដែលបានពលីជីវិតក្នុងការការពារទឹកដីជាតិ និងអត្តសញ្ញាណជាតិ។

