ភ្នំពេញ៖ ការបែកធ្លាយរូបថតដ៏ចម្លែកមួយសន្លឹក បានធ្វើឲ្យប្រជាជនថៃផ្ទុះការជជែកវែកញែក និងចោទជាសំណួរយ៉ាងខ្លាំង បន្ទាប់ពីរូបថតនោះបង្ហាញពីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល កំពុងថតរូបជាមួយមេ Scammer អន្តរជាតិឈ្មោះ Ben Smith។

ក្នុងរូបថតជាក្រុមនោះ គេអាចមើលឃើញលោកអានុទីន ពាក់អាវធំឈរនៅចុងគេ ចំណែក Smith ពាក់អាវយឺតពណ៌ខ្មៅ ឈរនៅចន្លោះមនុស្ស៣នាក់ទៀត នៅទីតាំងដែលមិនបានបញ្ចេញអោយដឹង។ Smith និងបុរសម្នាក់ទៀតឈ្មោះ Gym Liak ត្រូវបានសហរដ្ឋអាមេរិកដាក់ឈ្មោះថាជាបុគ្គលដែលមានហានិភ័យខ្ពស់ ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្មអនឡាញអន្តរជាតិ។

អ្នកទាំងពីរនេះមានក្រុមហ៊ុននៅប្រទេសថៃ ហើយភរិយារបស់ពួកគេក៏មានភាគហ៊ុននៅក្នុងវិស័យអចលនទ្រព្យ និងអាកាសចរណ៍ឯកជន ដែលត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បីបិទបាំងថវិកាខុសច្បាប់។ រូបថតនេះត្រូវបានបែកធ្លាយបន្ទាប់ពីការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) បានរឹបអូសទ្រព្យសម្បត្តិជាង ៩ ពាន់លានបាតនៅក្នុងករណីលាងលុយកខ្វក់របស់ Smith។

យ៉ាងគួរឲ្យចាប់អារម្មណ៍គឺ មិនត្រឹមតែលោកអានុទីនទេ ក៏មានការបែកធ្លាយរូបថតរបស់ Smith ជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Ekniti Nitithanpraphat ជាមួយមេ Scammer រូបនេះផងដែរ។ រូបថតទាំងនេះកំពុងធ្វើឲ្យផ្ទុះការសង្ស័យយ៉ាងខ្លាំងអំពីទំនាក់ទំនងរបស់មន្ត្រីជាន់ខ្ពស់ថៃជាមួយមេ Scammer ប៉ុន្តែមិនទាន់មានការបំភ្លឺពីលោកអានុទីន និង Ekniti នៅឡើយទេ។
ប្រភព៖ Amarin
