ថៃប្រឈមគ្រោះពីរទ្វេរោះ៖ ភាគខាងត្បូងជួបព្យុះភ្លៀងខ្លាំង ភាគខាងជើងដកដង្ហើមពិបាកដោយខ្យល់ពុល

ថៃប្រឈមគ្រោះពីរទ្វេរោះ៖ ភាគខាងត្បូងជួបព្យុះភ្លៀងខ្លាំង ភាគខាងជើងដកដង្ហើមពិបាកដោយខ្យល់ពុល

ខ្យល់ពុលនៅថៃ

ប្រទេសថៃកំពុងប្រឈមមុខនឹងគ្រោះធម្មជាតិពីរយ៉ាងក្នុងពេលតែមួយ។ ភាគខាងត្បូងជួបព្យុះភ្លៀងខ្លាំងក្លា ចំណែកឯភាគខាងជើងនិងកណ្តាលត្រូវខ្យល់ពុលគ្របដណ្តប់។

យោងតាមនាយកដ្ឋានឧតុនិយមថៃ កាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ខេត្ត៧នៅភាគខាងត្បូងដែលទើបតែធូរស្រាលពីគ្រោះទឹកជំនន់ នឹងត្រូវជួបព្យុះភ្លៀងដ៏ខ្លាំងបន្ថែមទៀតដល់ចុងសប្តាហ៍នេះ។

ខេត្តទាំង៧នោះរួមមាន៖ Prachuap Khiri Khan, Pattani, Chumphon, Surat Thani, Phatthalung, Songkhla និង Nakhon Si Thammarat។ ឥទ្ធិពលរបស់ព្យុះភ្លៀងនេះនឹងបង្កឲ្យមានទឹកជំនន់រហ័ស និងបំណាក់ដីផងដែរ។

ស្ថានភាពខ្យល់ពុលនៅថៃ

ចំណែកឯប៉ែកខាងជើងនិងកណ្តាល រួមទាំងទីក្រុងបាងកកផងដែរ ខ្យល់ពុល PM2.5 បានឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហម ដែលជាកម្រិតគុណភាពខ្យល់អន់បំផុត ធ្វើឲ្យពិបាកដកដង្ហើម។

រដ្ឋមន្ត្រីក្រសួងអប់រំថៃលោកស្រី Narumon Pinyosinwat បានប្រាប់ឲ្យសាលារៀនទាំងឡាយណែនាំដល់សិស្សឲ្យផ្អាកសកម្មភាពខាងក្រៅ និងត្រូវពាក់ម៉ាសជាប់ជានិច្ច ដោយសារស្ថានភាពខ្យល់ពុល PM2.5 លើសកម្រិតសុវត្ថិភាពហើយ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃក៏បានឲ្យដឹងដែរថា ខ្យល់ពុល PM2.5 ដ៏អាក្រក់នឹងវាយប្រហារប្រទេសរហូតដល់ដើមឆ្នាំក្រោយ ដែលប៉ះពាល់ខ្លាំងដល់ក្រុមមនុស្សងាយរងគ្រោះ ជាពិសេសអ្នកមានជំងឺផ្លូវដង្ហើម៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles