សមាជិកសភាថៃរិះគន់រដ្ឋាភិបាលពីការផ្ដល់ជំនួយមិនស្មើគ្នាដល់ជនរងគ្រោះទឹកជំនន់

សមាជិកសភាថៃរិះគន់រដ្ឋាភិបាលពីការផ្ដល់ជំនួយមិនស្មើគ្នាដល់ជនរងគ្រោះទឹកជំនន់

សមាជិកសភាតំណាងរាស្រ្តខេត្តអយុធ្យា លោក Tawiwong Totawiwong បានរិះគន់រដ្ឋាភិបាលថៃយ៉ាងខ្លាំង ដោយចោទប្រកាន់ថា មានការអនុវត្តស្តង់ដារពីរយ៉ាងក្នុងការផ្ដល់ជំនួយសង្គ្រោះដល់ជនរងគ្រោះទឹកជំនន់។

ទឹកជំនន់នៅថៃ

លោកបានលើកឡើងថា ខេត្តនានានៅតំបន់ភាគកណ្តាលដែលរងការលិចលង់អស់រយៈពេលជាច្រើនខែ មិនទទួលបានជំនួយស្មើគ្នាទៅនឹងប្រជាជនរងគ្រោះនៅខេត្តភាគខាងត្បូងនោះទេ។ លោកអះអាងថា ខេត្តភាគខាងត្បូងបានចូលដល់ដំណាក់កាលស្តារឡើងវិញរួចទៅហើយ ខណៈសហគមន៍ជាច្រើននៅខេត្តអយុធ្យានៅតែបន្តលិចទឹកអស់រយៈពេល ៤-៥ ខែ ហើយមានមនុស្សស្លាប់រហូតដល់ ២០ នាក់។

ប្រជាពលរដ្ឋនៅភាគកណ្ដាលនៅតែបន្តប្រឈមមុខនឹងការលំបាកផ្សេងៗរយៈពេលយូរ រួមទាំងការរំខានដល់ជីវិតរស់នៅ កំណើនបំណុល ការខូចខាតលំនៅដ្ឋាន ការបិទសាលារៀន និងមជ្ឈមណ្ឌលសុខភាពសហគមន៍ជាដើម។

លោក Tawiwong បានធ្វើការប្រៀបធៀបថា ខេត្តរងគ្រោះនៅភាគខាងត្បូងបានទទួលជំនួយរហ័ស និងទ្រង់ទ្រាយធំ រួមទាំងកញ្ចប់ស្តារឡើងវិញចំនួន ៥៣០ លានបាតសម្រាប់ខេត្តហាតយ៉ៃ និងសំណងបុណ្យសពចំនួន ២ លានបាតក្នុងមួយគ្រួសារនៅខេត្តសុងក្លា។ ខណៈនៅតំបន់ភាគកណ្តាល ប្រជាពលរដ្ឋទទួលបានតែជំនួយជាប្រាក់តែម្ដងគត់ ពេលទឹកជំនន់ស្រកចុះ។

ការសង្គ្រោះទឹកជំនន់

លោកបានរិះគន់ទៀតថា ទឹកជំនន់នៅអយុធ្យាបណ្ដាលមកពីការបរាជ័យយូរអង្វែងរបស់រដ្ឋាភិបាលក្នុងការអនុវត្តដំណោះស្រាយគ្រប់គ្រងទឹកប្រកបដោយចីរភាព។ លោកបានអំពាវនាវសុំការកែតម្រូវជាបន្ទាន់ចំពោះក្របខ័ណ្ឌជំនួយសង្គ្រោះ ឱ្យបានដូចគ្នាទៅនឹងវិធានការដែលរដ្ឋាភិបាលផ្តល់ជូននៅខេត្តរងគ្រោះនៅភាគខាងត្បូង។

លោកបានបន្តថា ប្រជាជននៅខេត្តអយុធ្យា និងខេត្តអាងថង ដែលបានស៊ូទ្រាំនឹងទឹកជំនន់អស់រយៈពេលជាច្រើនខែមកហើយ មិនគួរត្រូវអង្គុយរង់ចាំជំនួយពេញដៃនោះទេ។ លោកបានជំរុញឱ្យរដ្ឋាភិបាលផ្តល់ជំនួយសង្គ្រោះដោយយុត្តិធម៌ និងទាន់ពេលវេលាដល់ខេត្តដែលរងផលប៉ះពាល់ទាំងអស់។

administrator

Related Articles