ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ កំពុងដេកនៅកន្លែងផ្សេងគ្នារៀងរាល់យប់ និងប្តូរទូរសព្ទចល័តញឹកញាប់ ដោយសារការភ័យខ្លាចការវាយប្រហារពីសហរដ្ឋអាមេរិក។ នេះបើយោងតាមកាសែត New York Times ដោយដកស្រង់ប្រភពជិតស្និទ្ធនឹងរដ្ឋាភិបាលរបស់លោក។
របាយការណ៍ដែលត្រូវយកចុះផ្សាយបន្តដោយ Independent នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហើបថា មេដឹកនាំវ័យ៦៣ឆ្នាំបានពង្រីកក្រុមសន្តិសុខ និងបង្កើនចំនួនមន្ត្រីប្រឆាំងការស៊ើបការណ៍សម្ងាត់បរទេសបន្ថែមទៀត។ ការប្រុងប្រយ័ត្ននេះកើតឡើងបន្ទាប់ពីមន្ត្រីក្នុងទីក្រុងការ៉ាកាសបានមើលឃើញថាជាការប្រមូលផ្តុំកម្លាំងកងទ័ពជើងទឹកអាមេរិកដ៏សំខាន់នៅឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា។
ភាពតានតឹងកាន់តែខ្លាំងឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់មេដឹកនាំវ៉េណេស៊ុយអេឡាថាបានបើកផ្លូវឲ្យមានការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ។ លោកបានព្រមានថា ក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនប្រើកម្លាំងផ្លូវគោកប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននៅវ៉េណេស៊ុយអេឡា។
លោកត្រាំបាននិយាយថា៖ «នរណាក៏ដោយដែលធ្វើរឿងនោះ ហើយលក់វាចូលក្នុងប្រទេសរបស់យើង គឺស្ថិតក្រោមការវាយប្រហារ»។ យោងតាមមន្ត្រីអាមេរិក ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយទាហានប្រហែល១៥០០០នាក់ និងនាវាចម្បាំងច្រើនជាង១២គ្រឿងទៅកាន់តំបន់ការ៉ាប៊ីនក្រោម«ប្រតិបត្តិការ Southern Spear»។
ទីក្រុងការ៉ាកាសបានច្រានចោលការចោទប្រកាន់ការជួញដូរគ្រឿងញៀនថាជារឿងនយោបាយ ដោយលោកម៉ាឌូរ៉ូអះអាងថា ឥរិយាបថយោធានេះត្រូវបានរៀបចំឡើងដើម្បីបង្កអស្ថិរភាព និងចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក។
លោកម៉ាឌូរ៉ូពុំបានបង្ហាញខ្លួនជាសាធារណៈក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះទេ ដោយជំរុញឲ្យមានពាក្យចចាមអារ៉ាមកាលពីសប្តាហ៍មុនថា លោកបានភៀសខ្លួនចេញពីប្រទេសហើយ។ យ៉ាងណាមិញ លោកបានលេចមុខមកវិញ ហើយប្រកាសអំពីកិច្ចចរចាជាមួយក្រុមរបស់លោកត្រាំ។ ប៉ុន្តែមន្ត្រីវ៉េណេស៊ុយអេឡាបាននិយាយថា ការពិភាក្សាទាំងនោះមិនទាន់បានកាត់បន្ថយភាពតានតឹងនៅឡើយទេ។
