ភ្នំពេញ៖ កម្ពុជាបានសម្រេចដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន៣កន្លែងក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រោមទឹកប្រាក់វិនិយោគសរុបជាង៣ពាន់លានដុល្លារអាមេរិក។

យោងតាមក្រសួងព័ត៌មាន នាថ្ងៃទី៥ធ្នូ ២០២៥ អាកាសយានដ្ឋានថ្មីទាំង៣នេះរួមមាន៖
១. អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ប្រភេទ 4E) ដោយវិនិយោគ១,១០០លានដុល្លារ បានបើកឆ្នាំ២០២៣
២. អាកាសយានដ្ឋានអន្តរជាតិតារាសាគរ (ប្រភេទ 4D) ដោយវិនិយោគ២០០លានដុល្លារ បានបើកឆ្នាំ២០២៤
៣. អាកាសយានដ្ឋានអន្តរជាតិតេជោ (ប្រភេទ 4F) ដោយវិនិយោគ២,៣០០លានដុល្លារ បានបើកថ្ងៃទី២០តុលា ២០២៥

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងក្នុងឱកាសទិវាជាតិអាកាសចរណ៍ស៊ីវិលថា ក្នុង១០ខែដំបូងឆ្នាំ២០២៥ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍៣៥ក្រុម តភ្ជាប់ជើងហោះហើរទៅកាន់១៦ប្រទេស និង៣៩ទីក្រុង។
លទ្ធផលនេះបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង៥លាន៧សែននាក់ កើនឡើង១៤% ធៀបនឹងឆ្នាំ២០២៤។

ការរីកចម្រើននេះកើតឡើងក្រោមគោលនយោបាយបើកចំហជើងមេឃរបស់សម្តេចតេជោ ហ៊ុន សែន ដែលជួយជំរុញការអភិវឌ្ឍទេសចរណ៍ ពាណិជ្ជកម្ម និងការផ្សារភ្ជាប់ទំនាក់ទំនងសង្គម។
