មេដឹកនាំសហភាពអឺរ៉ុបមានការមិនទុកចិត្តយ៉ាងខ្លាំងចំពោះការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការជួយបញ្ចប់ជម្លោះអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Der Spiegel នៅថ្ងៃព្រហស្បតិ៍។

ការចុះផ្សាយនេះបានដកស្រង់ការចម្លងនៃការហៅទូរស័ព្ទថ្មីៗរវាងមេដឹកនាំអឺរ៉ុប ដែលបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផែនការសន្តិភាពរបស់អាមេរិក។
អធិការបតីអាល្លឺម៉ង់ Friedrich Merz និងប្រធានាធិបតីបារាំង Emmanuel Macron បានធ្វើការហៅទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy និងមេដឹកនាំអឺរ៉ុបជាច្រើនរូបទៀត រួមទាំងប្រធានាធិបតីហ្វាំងឡង់ Alexander Stubb និងប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen។

ក្នុងអំឡុងពេលហៅទូរស័ព្ទ លោក Macron បានព្រមានថា សហរដ្ឋអាមេរិកអាចនឹងក្បត់អ៊ុយក្រែនលើបញ្ហាទឹកដី ដោយគ្មានការធានាសន្តិសុខច្បាស់លាស់។ បញ្ហាទឹកដីនៅតែជាបញ្ហាដ៏រសើបបំផុតមួយនៅក្នុងកិច្ចចរចាសន្តិភាព។
លោក Macron ក៏បានបញ្ជាក់ផងដែរថា ការបន្តកិច្ចចរចាសន្តិភាពអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់លោក Zelenskyy ផ្ទាល់។ ផែនការសន្តិភាពដែលព្រាងដោយអាមេរិកតម្រូវឲ្យអ៊ុយក្រែនប្រគល់ផ្នែកខ្លះនៃ Donbass ដែលជាលក្ខខណ្ឌដែលសហភាពអឺរ៉ុបបានបដិសេធទាំងស្រុង។

ទស្សនាវដ្តីអាល្លឺម៉ង់បានរាយការណ៍បន្ថែមថា មេដឹកនាំអឺរ៉ុបក៏អស់សង្ឃឹមក្នុងការទទួលបានកៅអីនៅតុចរចាផងដែរ។ ប្រធានាធិបតីហ្វាំងឡង់ Alexander Stubb បាននិយាយថា ទោះបច្ចុប្បន្នសហភាពអឺរ៉ុបត្រូវដកខ្លួនចេញ ប៉ុន្តែពួកគេត្រូវតែចូលរួមដោះស្រាយដដែល។
ការហៅទូរស័ព្ទនេះបានកើតឡើងមួយថ្ងៃមុនពេលបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump ទៅទីក្រុងមូស្គូដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin។
